ខេត្តកំពង់ឆ្នាំង ៖នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានទុកដាក់សំរាម នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតនៅភូមិត្រពាំងស្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោក ឈិន សេងងួន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរដែនដីក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ទីលានទុកដាក់សំរាមទាំងពីរកន្លែងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។
លោក ក៏បានមានប្រសាសន៍បន្តទៀតថា ការរៀបចំទីលានទុកដាក់សំរាមនេះ និងការរៀបចំប្រពន្ធចម្រោះទឹកកខ្វក់ ក៏ជាគោលនយោបាយមួយដ៏សំខាន់ ក្នុងការថែទាំសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋរបស់យើង បើយើងគ្មានទឹកស្អាតទទួលទាន គ្មានកន្លែងបញ្ចេញទឹកកខ្វក់ទៅវិញ ទឹកកខ្វក់នោះនឹងចូលទៅដល់ ទឹកអូរ ទឹកទន្លេរបស់យើង គឺវាធ្វើឱ្យមានផលប៉ះពាល់ដល់សុខុមាលភាព និងសុខភាពរបស់យើង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា សមិទ្ធផលទាំងនេះគឺបានមកដោយកត្តាសុខសន្តិភាព ដែលជាកត្តាមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានក្នុងការកសាងប្រទេសជាតិ មាតុភូមិ ហើយបើគ្មានសុខសន្តិភាព គ្មានរាជរដ្ឋាភិបាលដែលដឹកនាំដ៏ត្រឹមត្រូវ ក៏មិនមានឱកាសដែលទាក់ទាញអ្នកវិនិយោគមកដាក់ទុកនៅកម្ពុជា ដើម្បីបានបង្កើនការងារជូនប្រជាពលរដ្ឋធ្វើ ហើយបើគ្មានសុខសន្តិភាពរាជរដ្ឋាភិបាលក៏គ្មានឱកាសទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបានដែរ។
លោក បានបន្ថែមថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការលទ្ធភាពក្នុងការសិក្សា ការសាងសង់/ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ដូចជា ការលើកកម្រិតគុណភាពផ្លូវជាតិ/ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងសាសង់អាកាសយានដ្ឋានថ្មីៗ ជាដើម។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់ប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត។
សូមជម្រាបជូនដែរថា៖ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំងត្រូវរូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ ហិចតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១២០.០០០ ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិការសាងសង់ប្រមាណ ១,៣៩លានដុល្លារអាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ ហិចតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៧២ ហិចតា (បណ្ដោយ៨៥ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជំរៅ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១៤០.០០០ ម៉ែត្រគីប។គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក
ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ នៃកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី មានក្រុមហ៊ុន អ៊ឹង ស៊ីមស៊ា ខនស្ត្រាក់សិន ជាអ្នកទទួលបន្ទុកសាងសង់ និងគ្រប់គ្រងគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រគល់ជូនដល់អាជ្ញាធរនៃខេត្តទាំងពីរនេះ អាចទទួលគ្រប់គ្រង និងអនុវត្តការងារបន្តទៀត៕
ដោយ : សហការី