ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ ពីទទួលបានករណីវិវាទការអនុវត្តកិច្ចសន្យា រវាងប្រជាពលរដ្ឋជាអ្នកទិញអចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី មានទីតាំងស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រួចមក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ ឱ្យរដ្ឋបាលខណ្ឌដង្កោពិនិត្យដោះស្រាយក្រៅប្រព័ន្ធតុលាការចំនួន ០៤លើក គឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែពុំទាន់បានលទ្ធផលសះជានៅឡើយ។ ដោយវិវាទមានលក្ខណៈស្មុគស្មាញ និង ពាក់ព័ន្ធច្រើនភាគីនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យរដ្ឋបាលខណ្ឌបញ្ចូនសំណុំឯកសារ មក ធ្វើការដោះស្រាយបន្តនៅរដ្ឋបាលរាជធានីភ្នំពេញ។ ពេលសំណុំឯកសារបានមកដល់រដ្ឋបាលរាជធានី ភ្នំពេញ បានធ្វើការសម្របសម្រួលដោះស្រាយចំនួន ០៣លើកបន្ថែមទៀត គឺនៅទីតាំងបុរីផ្ទាល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ និងនៅសាលាខណ្ឌដង្កោ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ និងនៅសាលារាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់បន្ថែមទៀតថា ករណីវិវាទនេះ ជាវិវាទការអនុវត្តកិច្ចសន្យាដែលធ្វើឡើងដោយមាន ការឯកភាពគ្នារវាងភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណី មានភាពស្មុគស្មាញ ចាក់ស្រេះ ដោយហេតុថា៖
១- សំណុំរឿងនេះ ជាវិវាទរដ្ឋប្បវេណី ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ។
២- ភាគីម្ចាស់បុរីពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ លក់ដីឡូតិ៍-ផ្ទះល្វែងស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាននានា។
៣– ម្ចាស់បុរីរងបណ្តឹងព្រហ្មទណ្ឌ ខ្លះជាប់ឃុំបណ្តោះអាសន្ន ខ្លះរត់គេចខ្លួនដោយមិន ចាត់តំណាងស្របច្បាប់ដែលមានសិទ្ធិសម្រេចចូលរួមដោះស្រាយ។ លើសពីនេះទៀត។
កន្លងមកម្ចាស់បំណុលមួយចំនួន មិនព្រមឱ្យអាជ្ញាធរមូលដ្ឋានធ្វើការដោះស្រាយក ប្រព័ន្ធតុលាការ។
៤- ភាគីម្ចាស់បុរីបានយកប័ណ្ណកម្មសិទ្ធិសម្គាល់ការកាន់កាប់អចលនវត្ថុ (ប្លង់ដីបុរី) ទៅ ធ្វើការដាក់បញ្ចាំឯកជន និងគ្រប់គ្រងចាត់ចែងប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុពុំបានសមស្រប នាំឱ្យខ្វះខាតថវិកាសាងសង់បុរីចប់សព្វគ្រប់ និងប្រគល់កម្មសិទ្ធិជូនអ្នកទិញ។
៥- ភាគីអ្នកទិញដីឡូតិ៍-ផ្ទះល្វែងមួយចំនួន ដែលបានបង់ប្រាក់គ្រប់ចំនួនជូនក្រុមហ៊ុន ប៉ុន្តែពុំទាន់ទទួលបានប្លង់កម្មសិទ្ធិដីឡូតិ៍ និងផ្ទះល្វែង ពុំបានដាក់ពាក្យបណ្តឹងស្វែងរក ដំណោះស្រាយភ្លាមៗនាំឱ្យមានការអូសបន្លាយពេលវេលា ធ្វើឱ្យសំណុំរឿងកាន់តែមានភាពស្មុគស្មាញចាក់ស្រេះពាក់ព័ន្ធច្រើនភាគី។
៦- ភាគីអ្នកទិញដីឡូតិ៍-ផ្ទះល្វែងមួយចំនួនទៀត ដែលពុំទាន់បានបង់ប្រាក់គ្រប់ចំនួនជូន ក្រុមហ៊ុន បានផ្អាកការបង់ប្រាក់តាមការសន្យា ដោយមូលហេតុក្រុមហ៊ុនផ្អាកសកម្មភាព សាងសង់ ឬពុំប្រគល់ប្លង់កម្មសិទ្ធិជូនអ្នកដែលបង់ប្រាក់គ្រប់ចំនួនដូចខាងលើ នាំឱ្យ ក្លាយជាឧបសគ្គបន្ថែមទៀតដល់ការអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។
ដោយសារតែការដោះស្រាយក្រៅប្រព័ន្ធតុលាការចំនួន ០៧លើកខាងលើ នៅតែពុំទាន់ទទួល បានលទ្ធផលសះជាគ្នា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំអញ្ជើញ គ្រប់ភាគីវិវាទពាក់ព័ន្ធទាំងអស់មកធ្វើការដោះស្រាយបន្តទៀត។ ជាលទ្ធផល គ្រប់ភាគីវិវាទពាក់ព័ន្ធ ដែលបានចូលខ្លួនដោះស្រាយនៅថ្ងៃនេះ បានយល់ព្រមផ្ដិតមេដៃប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើការសម្របសម្រួលដោះស្រាយក្នុងយន្តការក្រៅប្រព័ន្ធតុលាការ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តជម្រាបជូនអំពីលទ្ធផលនៃដំណើរការដោះស្រាយក្រៅប្រព័ន្ធ តុលាការដល់សាធារណជនឱ្យជ្រាបជាបន្តបន្ទាប់បន្ថែមទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានអំពីការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងមក ៕
ដោយ : សិលា