ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងពីការតែងតាំងគណៈអភិបាលខេត្ត រាជធានី ក្រុង ស្រុក កាលពីកន្លងទៅដែលសម្ដេចតេជោ ថាមានការស្នើសុំគណៈអភិបាលដែលជាស្ត្រីតិចពេក។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលផ្ដល់អំណាចដល់មូលដ្ឋានក្នុងការជ្រើសរើសគណៈអភិបាល តែសំណើរស្នើពីមូលដ្ឋានមកកាន់នាយករដ្ឋមន្រ្តីនោះគឺមិនបានពិនិត្យលើយេនឌ័រនោះទេ។
សម្ដេចថា៖ «សំណើរស្នើទៅគឺឃើញតែប្រុសអត់ឃើញស្រី មិនដឹងថាយ៉ាងមិច? ពេលខ្លះខ្ញុំចេះតែរុញមួយទៅ (សម្ដេចតែងតាំង)។ …. ខេត្តដែលមានអភិបាលខេត្តជានារីក៏មិនព្រមតែងតាំងនារីខ្លួនឯងខ្ញុំមិនដឹងថាមិច?»
សម្ដេចតេជោ បានបញ្ជាឱ្យរកវិធីសាស្ត្រតែងតាំងស្ត្រីឱ្យបានច្រើនជាងនេះ។ ខណៈសម្ដេចបានលើកឡើងថាគ្រូបង្រៀន ឬសាស្ត្រាចារ្យក្នុងខេត្តអាចផ្ទេរក្របខណ្ឌមកបាន។
ជាមួយគ្នានេះសម្ដេចតេជោក៏បានណែនាំទៅកាន់ថ្នាក់ការិយាល័យ និងនាយកដ្ឋាននានា ចំណុះក្រសួងឱ្យពិចារណាលើការបញ្ចូលយេនឌ័រក្នុងស្ថាប័នខ្លួនផងដែរ។
សម្ដេចតេជោថា៖ «ជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ វាបានចង្ហុលបង្ហាញពីជោគជ័យនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ»។
សម្ដេចបានលើកឡើងថាមូលដ្ឋានមានតួនាទីស្នូលក្នុងការជួយប្រជាជន ដោយថាកន្លែងដែលមានកងទ័ពគឺកងទ័ពចូលរួម កន្លែងដែលមានកងរាជអាវុធហត្ថគឺអាចចូលរួមជួយនៅទីនោះតែម្ដង។
ជាមួយគ្នានោះសម្ដេចតេជោក៏បានជំរុញដំណើរការបែងចែកមុខងារផ្ទេរអំណាចទៅមូលដ្ឋានទាំងហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ៕
ដោយ : សិលា