ខេត្តកណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀល ថ្ងៃព្រហស្បតិ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ វិ ធាវី បានបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា៖ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ទាំងអស់សូមមានការប្រុងប្រយ័ត្ន មានចោរចងខ្សែលួសតាមផ្លូវប្លន់សម្លាប់យកម៉ូតូកូនខ្ញុំ ចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រនៅថ្ងៃទី ១៩.០២.២០២៣ តែសំណាងមិនដួលទៅប្តឹងប៉ូលិសគាត់អោយយេីងមេីលចោរខ្លួនឯងហេីយគាត់មិនបានមកមេីលកន្លែងកេីតហេតុទេ អោយតែយ៉ាងហ្នឹងស្លាប់ប្រជាពលរដ្ឋអស់ហេីយ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៏ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុក បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះដល់ទីតាំងកេីតហេតុពិនិត្យនិងស្រាវជ្រាវ ស៊េីបអង្កេត ករណី៖ រាយចងខ្សែលួសកាត់ទទឹងផ្លូវលំ បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។
យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ផល្លី សុជាតិ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះ ផល្លី សុជាតិ បានមកពីធ្វើការនៅភ្នំពេញពេលមកដល់ផ្ទះ ក៏បានបបួលមិត្តភ័ក្តហូបស្រា នៅផ្ទះរបស់ខ្លួនដោយចាប់ផ្តើមតាំងពីម៉ោង ១៨និង ៣០នាទី និងបានជិះម៉ូតូទៅមកៗ ជាច្រើនលើកជាច្រើនសារតាមផ្លូវលំ ចូលផ្ទះរបស់ខ្លួននៅក្រោយឃ្លាំងតាសាយ ជាច្រើនជុំ ដោយទៅដឹកមិត្តភក័្តផង ទិញសាច់ក្លែមផង ទិញស្រាបៀផងជាច្រើនលើកច្រើនសារតាមផ្លូវលំចូលផ្ទះរបស់ខ្លួនដដែលៗដោយមិនមានបញ្ហាអ្វីកើតឡើយទេ។ លុះនាំគ្នាផឹករហូតដលម៉ោង២៣និង៣០នាទី ជនរងគ្រោះឈ្មោះ ផល្លី សុជាតិ បានជិះម៉ូតូតាមផ្លូវលំដដែលដើម្បីទៅទិញស្រាបៀមកផឹកទៀត ពេលជិះដល់កន្លែងកើតហេតុក៏បានទាក់នឹងខ្សែលួសដែលគេចងកាត់ផ្លូវលំត្រូវក្បាលម៉ូតូដាច់ខ្សែលួសវាត់ត្រូវចង្ការនិងក បណ្ដាលឱ្យរងរបួស តែមិនបណ្តាលឱ្យដួលម៉ូតូឡេីយ រួចជនរងគ្រោះ ភ័យក៏បានជិះម៉ូតូបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដេីម្បីជួយអន្តរាគមន៍។
ឆ្លងតាមការស៊េីបអង្កេតស្រាវជ្រាវ ផ្នែកជំនាញនគរបាលយុត្តិធម៌ ធ្វេីការសន្និដ្ឋានថា៖ ករណីខាងលេីមិនមែនជា ករណីប្លន់នោះទេ ព្រោះថា ជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ) ប្រហែលជាខឹងនិងជនរងគ្រោះជិះទៅមកៗលឿនៗច្រេីនលេីកច្រេីនសារ ហេីយផ្នែកជំនាញ និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់គឺការចងខ្សែលួសមានកម្ពស់ ១ម៉ែត្រពីដី ដាក់ទាក់សម្រាប់ឱ្យម៉ូតូដួលតែប៉ុណ្ណោះ។
សូមជម្រាបថា ករណីនេះបច្ចុប្បន្នផ្នែកជំនាញនគរបាលយុត្តិធម៌ កំពុងបន្តធ្វេីការស៊េីបអង្កេត ស្រាវជ្រាវ និងកំណត់មុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ដោយ៖សហការី