អង្គការសហប្រជាជាតិ៖ រៀងរាល់២នាទីមានស្ត្រីម្នាក់បានស្លាប់ពេលកំពុងមានផ្ទៃពោះឬក្នុងពេលសម្រាលកូន

ចែករំលែក៖

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ មានស្ត្រីស្លាប់រៀងរាល់២នាទីម្តងអំឡុងពេលមានផ្ទៃពោះ ឬដោយសារផលវិបាកនៃការសម្រាលកូន ទោះបីជាអត្រាមរណភាពមាតាបានធ្លាក់ចុះមួយភាគបីក៏ដោយ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។

របាយការណ៍បញ្ជាក់ថា សមាមាត្រទាំងនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចន្លោះឆ្នាំ 2000-2015 ប៉ុន្តែនៅតែមិនផ្លាស់ប្តូរខ្លាំងនៅចន្លោះឆ្នាំ 2016-2020 សូម្បីតែមានអត្រាបញ្ច្រាសនៅក្នុងតំបន់ខ្លះក៏ដោយ។ ក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ អត្រាមរណភាពមាតាបានថយចុះ 34.3% ពីចំនួន 339 នាក់ក្នុងចំណោមស្ត្រី 100.000នាក់ មានផ្ទៃពោះបង្កើតកូនក្នុងឆ្នាំ 2000 ដល់ 223 នាក់ក្នុង100.000 កំណើតនៅឆ្នាំ 2020។ ដូច្នេះហើយសម្រាប់ឆ្នាំ 2020 ម្តាយជិត 800 នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ម្តាយម្នាក់ស្លាប់រៀងរាល់ ២ នាទីម្តង។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ស្ថិតិទាំងនេះបង្ហាញពីភាពបន្ទាន់នៃការធានាឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបអាចទទួលបានសេវាសុខភាពសំខាន់ៗ និងធានាសិទ្ធិរបស់ពួកគេចំពោះសុខភាពបន្តពូជ។
ការហូរឈាមធ្ងន់ធ្ងរ ការឆ្លងមេរោគ ផលវិបាកពីការរំលូតកូនដែលមិនមានសុវត្ថិភាព និងលក្ខខណ្ឌវេជ្ជសាស្ត្រមូលដ្ឋានដូចជាមេរោគអេដស៍/ជំងឺអេដស៍ គឺជាមូលហេតុចម្បងនៃការស្លាប់។ កត្តាទាំងនេះភាគច្រើនអាចការពារ និងព្យាបាលបាន។ អង្គការសុខភាពពិភពលោកបានលើកឡើងពីសារៈសំខាន់នៃការធានាឱ្យស្ត្រីមានការគ្រប់គ្រងលើសុខភាពបន្តពូជរបស់ពួកគេ ជាពិសេសនៅពេល និងរបៀបដែលពួកគេចង់មានកូន ដូច្នេះពួកគេអាចរៀបចំផែនការសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព។
Natalia Kanem នាយកប្រតិបត្តិនៃមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បាននិយាយថា ដើម្បីកែលម្អស្ថានភាព វាជារឿងបន្ទាន់ក្នុងការវិនិយោគលើការធ្វើផែនការគ្រួសារ និងឆ្លើយតបនឹងកង្វះខាតជាសកលនៃឆ្មបប្រហែល 900.000 នាក់ ៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print