ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកជាយោបល់ចង់ឱ្យមានការបើកផ្ដល់ប្រាក់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅឡាវ និងនិស្សិតឡាវនៅកម្ពុជាជាប្រាក់ដុល្លារតែម្ដងដើម្បីឆ្លើយតបនឹងអតិផរណាក្នុងប្រទេសឡាវ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាដោយសារតែប្រទេសឡាវជួបបញ្ហាឱនភាពបានធ្វើឱ្យនិស្សិតកម្ពុជាដែលសិក្សានៅក្នុងប្រទេសជួបការលំបាកដោយសារប្រាក់ឧបត្ថម្ភដែលកម្ពុជាផ្ដល់ជូនសិស្សម្នាក់ជាង ១៨០ដុល្លារ ពេលប្ដូរទៅប្រាក់គីបរបស់ឡាវមានអត្រាតែជាង ៩០ដុល្លារប៉ុណ្ណោះ។
សម្ដេចតេជោថាដើម្បីដោះស្រាយបញ្ហានេះសម្ដេចបានលើកជាដំណោះស្រាយថាគួរតែបើកផ្ដល់ឱ្យនិស្សិតខ្មែរនៅឡាវទាំងអស់ជាដូល្លារតែម្ដង ខណៈកម្ពុជាក៏នឹងបើកផ្ដល់ប្រាក់ដូល្លារដល់និស្សិតឡាវនៅកម្ពុជាដែរ។
គួរឱ្យដឹងផងដែរថានិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសឡាវមានចំនួនប្រមាណ ៨៦រូប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ កុំខ្មាសអៀននឹងការរៀន ពីព្រោះការរៀន គឺរៀនពេញមួយជីវិត ។ ការសិក្សាមិនមែនបញ្ចប់ត្រឹមថ្ងៃទទួលយកសញ្ញាបត្រនោះទេ គឺត្រូវបន្តរៀនមួយជីវិត ដូច្នេះកុំខ្មាសអៀនត្រូវក្លាហាន ហ៊ានសួរអ្នកដែលចេះជាងខ្លួន ដើម្បីចេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា មន្ត្រីរាជការទាំងអស់ត្រូវធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាឡើងវិញ ហើយចំពោះការជ្រើសរើសមន្ត្រីថ្មី ក៏ត្រូវចេះប្រព័ន្ធបច្ចេកវិទ្យាផងដែរ បើពុំដូច្នេះនោះទេ គឺពុំបានតម្រូវឱ្យជាប់បានចូលក្របខ័ណ្ឌរដ្ឋបានទេ ពីព្រោះនេះជាសម័យឌីជីថល រាល់ព័ត៌មានវិទ្យាមានភាពលឿន នាំឱ្យល្បឿនការងារក៏ត្រូវលឿនទៅតាមនោះផងដេរ ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាសកលោក៕
ដោយ : សិលា