ភ្នំពេញ ៖ នារីម្នាក់បានភ័យខ្លួនរហូតដល់យំ បន្ទាប់ពីបើករថយន្តស៊េរីទំនើបម៉ាកMGទៅបុករថយន្តស៊េរីទំនេីបម៉ាកJeepពីចំហៀងយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបបេកាសេ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនមួយក្រុមមានគ្នា ៥ទៅ ៦ នាក់ ជិះរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BT-3733 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMG ពណ៌ស ពាក់ផ្លាកលេខកម្ពុជា- SOVANARY បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូងបានជ្រុលទៅបុករថយន្តម៉ាកJeepចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។ ភ្លាមៗនោះគេឃើញនារីម្នាក់ដែលជាអ្នកបើករថយន្តម៉ាកMG មានការភិតភ័យចង់គាំងបេះដូង ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ តែមួយសន្ធុះក្រោយមកក៏ឃើញនារីរូបនោះបានត្រឡប់មកកន្លែងកើតហេតុវិញ បានស្រែកយំតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុនិងបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕
នារីម្នាក់ភ័យខ្លួនរហូតដល់យំបន្ទាប់ពីបើករថយន្តម៉ាកMG ទៅបុករថយន្តម៉ាកJeep បណ្ដាលឱ្យរងការខូចខាត
...