ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន៤នាក់(ស្រី៣នាក់) និងរបួសស្រាលចំនួន ៧នាក់(ស្រី៣នាក់) ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន១៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក។
សូមជម្រាបដែរថា យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញនេះដែរ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១០គ្រឿង ម៉ូតូចំនួន ៣៩២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៧៧គ្រឿង មានម៉ូតូចំនួន ៣៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេសកម្ពុជា៕ដោយ៖សហការី