ប្រទេសទួរគីបានចាប់ផ្តើមសាងសង់ផ្ទះឡើងវិញហើយបន្ទាប់ពីការរញ្ជួយដីដ៏សាហាវមក។ ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនេះបានកើនឡើងដល់ទៅជាង ៥ម៉ឺននាក់ហើយ។
អគារជាង 160.000 ដែលមានអគារផ្ទះល្វែង (ខុនដូ)ចំនួន 520.000ល្វែងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង៥ម៉ឺននាក់នៅក្នុងប្រទេសទួរគីនិងស៊ីរី។
អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននិងគ្រោះមហន្តរាយ (AFAD) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីពីគ្រោះរញ្ជួយដីបានកើនឡើងដល់ 44.218 នាក់។ ជាមួយនឹងចំនួនអ្នកស្លាប់ដែលត្រូវបានប្រកាសចុងក្រោយបង្អស់របស់ប្រទេសស៊ីរីមានចំនួន 5.914 នាក់ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសទាំងពីរគឺច្រើនជាង 50.000នាក់។
ប្រធានាធិបតី Tayyip Erdogan បានសន្យាថានឹងសាងសង់ផ្ទះឡើងវិញក្នុងរយៈពេលមួយឆ្នាំ ទោះបីជាអ្នកជំនាញនិយាយថា អាជ្ញាធរគួរតែដាក់សុវត្ថិភាពលើសពីល្បឿនក៏ដោយ។ អគារមួយចំនួនដែលត្រូវបានគេសន្មត់ថាអាចទប់ទល់នឹងការរញ្ជួយបានដួលរលំនៅក្នុងការរញ្ជួយដីចុងក្រោយនេះ។
ការដេញថ្លៃនិងកិច្ចសន្យាត្រូវបានអនុវត្តសម្រាប់គម្រោងមួយចំនួន។ ដំណើរការនេះកំពុងកើតឡើងយ៉ាងឆាប់រហ័ស “មន្ត្រីទួរគីម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា តង់ត្រូវបានបញ្ជូនទៅមនុស្សគ្មានផ្ទះសម្បែងជាច្រើននាក់ ប៉ុន្តែជីវិតនៅតែមានការលំបាកខ្លាំងនៅក្នុងតំបន់នេះ។
រដ្ឋាភិបាលរបស់លោក Erdogan រងការរិះគន់ពីបទមិនអនុវត្តការត្រួតពិនិត្យគុណភាពសំណង់អស់រយៈពេលជាច្រើនឆ្នាំ។ លោកបានមានប្រសាសន៍ថា ផែនការដំបូងរបស់រដ្ឋាភិបាលទួរគីនាពេលនេះគឺដើម្បីសាងសង់ផ្ទះល្វែងចំនួន 200.000ល្វែង និងផ្ទះចំនួន 70.000ខ្នងដែលមានតម្លៃយ៉ាងហោចណាស់15 ពាន់លានដុល្លារ។
ធនាគារអាមេរិក JPMorgan បានប៉ាន់ប្រមាណថា ការសាងសង់ផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនឹងត្រូវចំណាយអស់ 25 ពាន់លានដុល្លារ។ UNDP បាននិយាយថា ខ្លួនប៉ាន់ប្រមាណថា ការបំផ្លិចបំផ្លាញនេះបានធ្វើឱ្យមនុស្ស 1.5 លាននាក់គ្មានផ្ទះសម្បែង ដោយមានផ្ទះថ្មីចំនួន 500.000ខ្នង ដែលត្រូវការ។ ប្រទេសទួរគីបានស្នើសុំទឹកប្រាក់ចំនួន 113.5 លានដុល្លារក្នុងការកសាងប្រទេសជាតិឡើងវិញ៕ ដោយធីរីណា
រូបថត: Reuters