នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៤ខែកុម្ភៈ ធនាគារប្រជាជនចិន បានប្រកាសថា នឹងផ្តោតសំខាន់ទៅលើការផ្តល់ជំនួយនៅក្នុងប្រទេសដើម្បីធានាដល់កំណើនសេដ្ឋកិច្ច ស្ថិរភាព ទាំងតម្លៃនិងការប្រកួតប្រជែង។
ធនាគារប្រជាជនចិន (ធនាគារជាតិ) នៅថ្ងៃទី២៤ខែកុម្ភៈ បានបញ្ជាក់ថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនោះចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុចិនកាន់តែរឹងមាំនៅលើទីផ្សារ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អាមេរិកនឹងចាប់ផ្តើមពិភាក្សាឡើងវិញអំពីបញ្ហាសេដ្ឋកិច្ចជាមួយចិនក្នុងពេលសមស្របណាមួយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមការពិភាក្សាឡើងវិញជាមួយប្រទេសចិនអំពីបញ្ហាសេដ្ឋកិច្ច «នៅពេលសមស្រប» ប៉ុន្តែបន្តព្រមានទីក្រុងប៉េកាំងអំពីផលវិបាកនៃការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។
នៅក្នុងសន្និសីទសារព័ត៌មានមួយមុនកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 នៅទីក្រុងបង់ហ្កាលូរុ (Bengaluru) លោកស្រី Yellen ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនឹងចិនមានសារៈសំខាន់សម្រាប់ «ជាប្រយោជន៍ដល់ពិភពលោកទាំងមូល»។
ជំនួបគ្នាមួយចំនួនរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុងប៉េកាំងត្រូវបានផ្អាកបន្ទាប់ពីមានការបាញ់ទម្លាក់ពោងហោះឈ្លបយកការណ៍ដែលសង្ស័យថាជាពោងរបស់ចិនដែលបានហោះអណ្តែតលើដែនអាកាសរបស់អាមេរិក ដែលបានបង្កឱ្យពេលវេលាដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសចិនដោយលោកស្រី Yellen និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken មិនមានភាពច្បាស់លាស់។
លោកស្រី Yellen បានថ្លែងថា លោកស្រីមិនមានព័ត៌មានលម្អិតណាមួយអំពីពេលវេលាធ្វើដំណើរទស្សនកិច្ចរបស់លោកស្រីដែលផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ ប៉ុន្តែលោកស្រីបាននិយាយថា៖ «ខ្ញុំជឿថា យើងនឹងចាប់ផ្តើមការពិភាក្សាទាំងនោះឡើងវិញក្នុងពេលដ៏សមស្រប»។
ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែនវិញ លោកស្រី Yellen បានបញ្ជាក់ជាថ្មីនូវការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន។
លោកស្រីបានថ្លែងថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្តល់ជំនួយជាសម្ភារដល់រុស្ស៊ី ឬជំនួយប្រភេទណាមួយដែលគេចវេះពីទណ្ឌកម្មជាប្រព័ន្ធនឹងក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់ពួកយើង»។ លោកស្រីបន្ថែមថា៖ «យើងនឹងបញ្ជាក់ឱ្យច្បាស់លាស់ទៅដល់រដ្ឋាភិបាលចិននិងក្រុមហ៊ុន និងធនាគារដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ពួកគេនូវអ្វីដែលជាច្បាប់ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់យើង និងផលវិបាកធ្ងន់ធ្ងរដែលពួកគេនឹងប្រឈមបើរំលោភលើការដាក់ទណ្ឌកម្មទាំងនោះ»៕ ដោយធីរីណា
រូបថត : TTXVN