ភ្នំពេញ : ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តាអាទិភាពចំនួន ៣ ចំណុច ។ លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល និង ពិសារអាហារសាមគ្គី ជាមួយនឹងសហគ្រិនវ័យក្មេង នៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង សូមកោតសរសើរចំពោះសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ ដែលបានដឹកនាំ និងរក្សាបាននូវវឌ្ឍនភាពអាជីវកម្ម-ធុរកិច្ចល្អប្រសើរ និងថែមទាំងបានទាក់ទាញរំហូរវិនិយោគពីបរទេសនាពេលកន្លងមក ទោះបីជាត្រូវប្រឈមនឹងផលវិបាកជាច្រើនក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការនាំយកសក្តានុពលរបស់កម្ពុជាឱ្យពិភពលោកបានស្គាល់ច្បាស់ និងចាប់អាម្មណ៍ រួមទាំងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតការងារជូនប្រជាពលរដ្ឋ ។
លោកបណ្ឌិត សូមចូលរួមអបអរសាទរដែលអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ទន្ទឹមនឹងនេះ ក៏សូមសម្តែងនូវការគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមការងារចំពោះកិច្ច ព្រមទាំងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំបំពេញការងារនេះដោយពុំគិតពីការនឿយហត់ រហូតសម្រេចបាននូវការនាំមកនូវភាពស្អាតស្អំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ការណ៍នេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្តល់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់កម្ពុជា ជាពិសេសសម្រាប់វិស័យឯកជនផ្ទាល់ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានាទៅកាន់ទូទាំងសាកលលោក។
លោកបណ្ឌិត មានប្រសាសន៍ លើកឡើងថា, ជាទស្សនវិស័យផ្ទាល់ខ្លួនអំពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តាអាទិភាពចំនួន ៣ ចំណុច៖
ទី១. ក្របខ័ណ្ឌគោលនយោបាយ៖ សំដៅទៅលើចក្ខុវិស័យជួយសម្រួលដល់ប្រតិបត្តិការ និងការរីកចម្រើនរបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើការងារយ៉ាងច្រើនសន្ធឹកសន្ធាប់បម្រើដល់ការរីកលូតលាស់មកដល់សព្វថ្ងៃនេះ ហើយក៏នឹងបន្តវាយតម្លៃ និងកែសម្រួលដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង ងាយស្រួល និងមានថ្លៃដើមទាប ។
ទី២. ក្របខ័ណ្ឌយន្តការអនុវត្ត៖ សំដៅទៅលើការលើកទឹកចិត្តឱ្យវិស័យឯកជនដើរតួនាទីក្នុងការអនុវត្តផ្ទាល់ដោយមានការគាំទ្រពីសំណាក់រាជដ្ឋាភិបាល។
ទី៣. ការអនុវត្តជាក់ស្តែង៖ សំដៅទៅលើការធានាឱ្យបាននូវការអនុវត្តជាក់ស្តែងដោយរលូន ជាការឆ្លុះបញ្ចាំងទៅនឹងផែនការដែលបានគូសវៀស ហើយការអនុវត្តនេះទាមទារនូវនីតិវិធីច្បាស់លាស់ ងាយស្រួល រស់រវើក និងតម្លាភាព រួមជាមួយនឹងកត្តាមនុស្សដែលមានការយល់ដឹង និងមានបទពិសោធន៍ជាក់ស្តែង ជាពិសេសកត្តាតុល្យភាពរវាងមន្ត្រីរដ្ឋ និងផ្នែកឯកជន។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមសហគ្រិនទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសំខាន់ៗដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក៏សូមលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ឱ្យបង្កើនសមត្ថភាព, ពង្រឹងភាពប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីគោលនយោបាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ជាពិសេសតាមរយៈការវិនិយោគនៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការទទួលបានការបណ្តុះបណ្តាលសហគ្រិនភាព, ការអភិវឌ្ឍជំនាញ, និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា។
លោកបណ្ឌិតបន្តថា, ក្រៅពីការបង្កើតទ្រព្យ និងរកប្រាក់ចំណេញ, សហគ្រិនទាំងអស់ក៏ត្រូវបណ្តុះគំនិតចូលរួមចំណែកក្នុងកិច្ចការសង្គម ព្រមជាមួយនឹងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលអាចនាំមកនូវផលិតភាពខ្ពស់ និងតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។
លោកសូមសភាពាណិជ្ជកម្មកម្ពុជា បន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសហគ្រាសថ្មីៗ ដើម្បីពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងការងារ, ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពរឹងមាំ ទូលំទូលាយ រស់រវើក និងប្រកបដោយបរិយាបន្ន ៕
ដោយ : សិលា