ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលមួយដែលចោរមួយក្រុមបានចូល ទៅប្លន់ហើយដាក់ថ្នាំសណ្តំយកលុយនិងមាសអស់គ្មានសល់កាល ពីវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិឈើទាលឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ម្ចាស់ផ្ទះដែលត្រូវចោរប្លន់ឈ្មោះ ផន វនី្ន អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ឌួង សុកុល អាយុ៣៨ឆ្នាំ មុខរបរកសិករប្តីគួកជេដី ស្នាក់នៅភូមិឃុំកើតហេតុ ។
តាមប្រភពពត៌មានពីកូនម្ចាស់ផ្ទះ ឈ្មោះ វន្នី រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ បានបង្ហើបអោយសមត្ថកិច្ច និងអ្នកយកពត៌មាននគរវត្តដឹងថា នៅយប់កើតហេតុម្តាយនិងឪពុករបស់គេសំរាកនៅលើផ្ទះ ចំណែករូបគេ និងបងប្អូន២នាក់ទៀតដេក នៅលើគ្រែក្រោមផ្ទះដោយដេកលង់លក់ស្កប់ស្កល់ ប៉ុន្តែក្រោយពីចោរប្លន់ទៅបាត់អស់ ទើបឪពុករបស់ខ្លួនស្រែកប្រាប់កូនចៅថា ចោរប្លន់យកលុយ និងមាសទៅអស់ហើយម្នាក់ៗហាក់ដូចស្រឡាំងកាំងមីងមាំងហាក់ដូចត្រូវថ្នាំសណ្តំទន់ខ្លួនគ្រប់ៗ គ្នាហើយស្រែកឲ្យអ្នកជិតខាងជួយ ។
លោក ផន វាន់នី ជនរងគ្រោះ បានបង្ហើបប្រាប់សមត្ថកិច្ចថា រូបគាត់បានដេកនៅលើផ្ទះជាមួយប្រពន្ធ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់មកចាប់គ្រៀគគាត់ ហើយយកអាវុធខ្លីមិនស្គាល់ម៉ាកមកភ្ជង់ក្បាល ហើយស្រែកគំរាមអោយយកលុយមកអោយពួកវាដោយពួកវាដឹងច្បាស់ថា លុយ២០០០០ដុល្លារ ដែលម្តាយមីងយកមកផ្ញើដែលគាត់ទើបនឹងលក់ដីហើយថ្មីៗ កុំប្រកែកថា អត់ប្រយត្ន័អញបាញ់ចោល ភ្លាមនោះដោយភ័យខ្លាចចោរបាញ់សម្លាប់ ទើបយកកាបូបដាក់លុយ និងមាសដែលទុកជាប់នៅខ្លួនប្រគល់អោយទៅចោរទាំងអស់ ។
លោកផន វន្នី បានបញ្ជាក់ប្រាប់ថា ប្រាក់នៅក្នុងកាបូបមានចំនួ៧០០០០ដូល្លា(៧ម៉ឺនដុល្លារ) មាសខ្សែក កងដៃ និងក្រវឹលមាស ចំនួនសរុប២ដំឡឹង៣ជី ។ លោក វន្នី បានបញ្ជាក់ថា លុយទាំងអស់នេះ គឺលុយម្តាយមីងចំនួន២ម៉ឺនដុល្លារដែលគាត់ទើបតែលក់ដីថ្មីៗមិនហ៊ានទុកនៅក្នុងខ្លួន ដែលរូបគាត់ចាស់មានអាយុ៧៩ឆ្នាំ តែយកមកផ្ញើក្មួយដូចយកមកអោយបាត់តែម្តង ។
លោក វន្នី បានប្រាប់សមត្ថកិច្ចថា ម្តាយមីងដែលយកលុយមកផ្ញើឈ្មោះ សម អេម អាយុ៧៩ឆ្នាំ ស្នាក់នៅភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្តាល ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និង ស្រាវជ្រាវរកមុខសញ្ញា តែពលរដ្ឋមិនមានសង្ឃឹមទៅលើសមត្ថកិច្ចទេ ដោយកន្លងមកនៅក្នុងឃុំព្រែកអញ្ចាញ ចាប់ពីខែឧសភា និងខែមិថុនា មានករណីលួច២លើក និងប្លន់២លើក ប៉ុន្តែសមត្ថកិច្ចពុំដែលឃាត់ខ្លួនជនសង្ស័យបានម្នាក់ឡើយ ដោយគ្រាន់តែស្រាវជ្រាវៗ រហូត ៕
ដោយ៖ ឡូ សំអាត