លោកឯកអគ្គរដ្ឋទូតបារាំងអញ្ជើញទៅធ្វើទស្សនកិច្ចរោងចក្រផលិតទឹកស្អាតនិរោធ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ លោកហ្សង់-ក្លូដ ពាំបឺហ្វ (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អមដំណើរដោយលោក ហ្វីលីព ស្តាំងម៉េត (Philippe Steinmetz) នាយកទីភ្នាក់ងារភិវឌ្ឍន៍បារាំងប្រចាំកម្ពុជានិងឡាវ បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី២។ គណ:ប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

រោងចក្រផលិតទឹកស្អាតនិរោធ ដែលស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងជាពីរដំណាក់កាលក្រោមជំនួយពីដៃគូអន្តរជាតិនានា ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។ ការកសាងក្នុងជំហានទី១ទទួលបានសហហិរញ្ញប្បទានចំនួន១៦លានអឺរ៉ូពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (លើការចំណាយសរុបជាង៩០លានដុល្លារ) ហើយអាចផលិតទឹកស្អាតបានចំនួន១៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ទាប់ពីត្រូវបានដាក់អោយដំណើរការតាំងពីខែមករា ឆ្នាំ២០១៣មក ។

ការសាងសង់ជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតដូចជំហានទី១ដែរនោះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៤ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះក្រោមឥណទានថ្មីចំនួន៣០លានអឺរ៉ូពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ បច្ចុប្បន្ន ការងារសាងសង់ដែលធ្វើឡើងដោយក្រុមហ៊ុន Vinci Construction Grands Projets ក្រោមការត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមហ៊ុន SAFEGE សម្រេចបាន៨៣%ហើយ។ ជំហានទី២នេះនឹងជួយអោយរដ្ឋាករទឹកផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ៣៥ម៉ឺននាក់បន្ថែមទៀតនៅតំបន់ជាយរាជធានី។ ក្រោយពេលសាងសង់ រោងចក្រផលិតទឹកស្អាតនិរោធនឹងអាចផ្គត់ផ្គង់៥០%នៃតម្រូវការទឹកស្អាតនៅភ្នំពេញ និងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា ។

រោងចក្រនេះនឹងបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់ដើរដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ដែលនឹងជួយអោយរដ្ឋាករទឹកក្រុងភ្នំពេញរក្សាបាននូវតំណែងជាអ្នកផលិតនិងចែកចាយទឹកស្អាតគម្រូក្នុងតំបន់។ ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូតបារាំងបានថ្លែងកោតសរសើរដល់គុណភាពទឹកផលិតដោយរដ្ឋាករទឹកក្រុងភ្នំពេញ ដែលស្របតាមគ្រប់ស្តង់ដារអន្តរជាតិ ជាមួយអត្រាបាត់បង់ទឹកប្រមាណតែ៧%ប៉ុណ្ណោះ ខណ:ដែលនៅប្រទេសបារាំង អត្រាបាត់បង់ទឹកមានរហូតដល់ប្រមាណ១៥% ។

ចាប់តាំងពីឆ្នាំ១៩៩២មក ប្រទេសបារាំងបានបន្តជួយកម្ពុជាក្នុងការស្តារនិងកសាងបណ្តាញទឹកស្អាតតាមរយៈការផ្តល់ហិរញ្ញប្បទានពីសំណាក់រតនាគារបារាំង បន្ទាប់មកទៀតតាមរយៈជំនួយរបស់ទីភ្នាក់ងារ AFD ដែលបានផ្តល់កម្ចីគ្មានការធានាពីរដ្ឋដំបូងគេចំនួនចំនួន ១១,១លានអឺរ៉ូ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីឆ្នាំ២០០៦ ដើម្បីបង្កើនទ្វេដងនូវសមត្ថភាពរោងចក្រផលិតទឹកស្អាតជ្រោយចង្វារ។ ហិរញ្ញប្បទានផ្តល់ជាបន្តបន្ទាប់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានចំនួនសរុបជាង៦១លានអឺរ៉ូចាប់តាំងពីឆ្នាំ២០០២មក ក៏បានជួយរដ្ឋាករទឹកពង្រីកបណ្តាញចែកចាយទឹកប្រមាណ៨២៥គីឡូម៉ែត្រផងដែរ ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរដ្ឋទូត ហ្សង់-ក្លូដ ពាំបឺហ្វ បានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើគម្រោងវិនិយោគធំៗរបស់ស្ថាប័ននេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតដែលកាន់តែកើនឡើងជាលំដាប់របស់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញទាំងមូល ៕

P1090225

P1090180

P1090139

P1090114

P1090107

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print