ដោយយោងទៅតាមការសិក្សា JobsDB នៅប្រទេសថៃបានឱ្យដឹងថា វិស័យអចលនទ្រព្យគឺជាវិស័យមួយដែលផ្តល់នូវប្រាក់ខែខ្ពស់ជាងគេចាប់ពី ៨៧,៥០០បាតឡើងទៅក្នុងមួយខែ។
បន្ទាប់មកគឺវិស័យវិទ្យាសាស្ត្រ ការងារពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលបុគ្គលិកអាចទទួលបាន ៨៣,២៧៦បាតក្នុងមួយខែ ខណៈដែលវិស័យដឹកជញ្ជូនទទួលបាន ៨០,៧៣៨បាត។
ដោយផ្អែកលើព័ត៌មាន ដែលបានមកពីជាង ៤០,០០០ក្រុមហ៊ុន ភាគច្រើនដែលមកពីទីក្រុងបាងកកនោះ បានឱ្យដឹងថា បុគ្គលិកបម្រើការងារគួរតែអភិវឌ្ឍជំនាញរបស់ពួកគាត់ដើម្បីជួយជំរុញការងារពួកគេឱ្យមានប្រសិទ្ធភាព និងក្លាយជាអ្នកជំនាញ ដើម្បីទទួលបានប្រាក់ខែខ្ពស់។
លោក Noppawan Chulakanista នាយកគ្រប់គ្រងការសិក្សាស្រាវជ្រាវ jobsDB នេះ បានឱ្យដឹងថា ការស្ទង់មតិស្តីពីប្រាក់ខែរបស់ពួកយើងនេះ គឺរាប់បញ្ចូលគ្រប់កម្រិត និងប្រភេទការងារទាំងអស់ ។
ក្រុមហ៊ុនបានបញ្ជាក់ថា ការរកឃើញនេះបានឆ្លុះបញ្ចាំងនូវស្ថានភាពពិតប្រាកដនៅក្នុងទីផ្សារ ដែលវិស័យពាណិជ្ជកម្មអចលនទ្រព្យបន្តកើនឡើង ជាពិសេសតម្រូវការបុគ្គលិកក្នុងតំបន់ដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានពង្រីក។
ក្នុងចំណោមកម្រិតនៃប្រភេទការងារគ្រប់គ្រងទាំងនោះ វិស័យការងារផ្នែកអចលនទ្រព្យមានប្រាក់ខែខ្ពស់ជាងគេ ដោយចាប់ពី ៨៧,៥០០បាត បន្ទាប់មកគឺវិស័យវិទ្យាសាស្ត្រ ការងារពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបុគ្គលិកអាចទទួលបាន ៨៣,២៧៦បាតក្នុងមួយខែ ខណៈដែលវិស័យដឹកជញ្ជូនទទួលបាន ៨០,៧៣៨បាត។
សម្រាប់ការងារត្រួតពិនិត្យនោះ វិស័យផ្តល់សេវាកម្មវិជ្ជាជីវៈមានប្រាក់ខែចាប់ពី ៥១,២០៨បាត បន្ទាប់មកការងារធានារ៉ាប់រងដែលមាន ៥០,៨៥៥បាតក្នុងមួយខែ និងការងារជាគណនេយ្យករមានប្រាក់ខែ ៤៩,៦៦៤បាត។
លោក Noppawan បានមានប្រសាសន៍ទៀតថា សម្រាប់ការងារដែលមានតម្រូវការកម្រិតមធ្យមស្ទើរតែមានប្រាក់ខែស្មើគ្នាទាំងអស់។
ឧទាហរណ៍ ការងារសារគមនាគមន៍ អ្នកដែលមានតំណែងខ្ពស់មានប្រាក់ខែចាប់ពី ៣៨,១២៥បាត ខណៈដែលអ្នកដែលធ្វើការនៅធនាគារ និងហិរញ្ញវត្ថុមានប្រាក់ខែ ៣៧,៦៦៧បាតក្នុងមួយខែ។
ការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា តម្រូវការការងារច្រើនជាងគេក្នុងឆ្នាំនេះគឺ ភាគច្រើនការងារដែលជាប់ទាក់ទងនឹងផ្នែកលក់ និងការផ្តល់សេវាកម្មដល់អតិថិជន ហើយនិងការអភិវឌ្ឍពាណិជ្ជកម្មជាដើម៕
ដោយ៖ រ័ត្ន