អាស៊ី​មិន​ចាំបាច់​ត្រូវ​ជ្រើស​រើស​រវាង​ ​ចិន​និង​អា​មេ​រិ​ក​ឡើយ​

ចែករំលែក៖

បណ្ដា​ប្រទេស​តំបន់​អាស៊ី​មិន​ត្រូវ​ដាក់​ខ្លួន​ស្ថិត​នៅ​ក្នុង​ការ​ជ្រើស​រើស​​សម្ព័ន្ធ​មិ​ត្ដ​អា​មេ​រិ​ក​ ​ឬ​ក៏​ចិន​នោះ​ឡើយ​ ​ទាំង​នោះ​គឺ​អាច​បញ្ចៀស​បាន​នូវ​ស​ង្គ្រា​ម​​ត្រជាក់​ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​​តំបន់​នេះ​ ​។ នាយក​រដ្ឋ​ម​ន្ដ្រី​ម៉ា​ឡេ​ស៊ី​ ​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​​ស​ន្ដិ​សុខ​តំបន់​អាស៊ី​ ​។

ដើម្បី​គេច​ផុត​ពី​ការ​ជ្រើស​រើស​ទ្វីប​​អាស៊ី​ត្រូវ​សហ​ប្រតិបត្ដិ​ការ​ជាមួយ​​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​មហា​អំណាច​យោធា​លើ​ពិភព​លោក​ ​ឬ​ក៏​ជាមួយ​ចិន​ ​ដែល​ជា​ប្រទេស​ទើប​តែ​លេច​ធ្លោ​ឡើង​ ​ដើម្បី​ដោះ​ស្រាយ​វិបត្ដិ​ពាក់​ព័ន្ធ​នឹង​ស​ន្ដិសុខ​នៅ​ក្នុង​តំបន់​ ​ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស​ ​ភេ​រ​វ​កម្ម​ ​ជួញ​ដូរ​គ្រឿង​ញៀន​និង​ការ​រីក​សាយ​ភាយ​អាវុធ​បរមាណូ​ ​។

សារ​ព័ត៌មាន​ អេ​ភី​ បាន​ដក​ស្រង់​សម្ដី​​នាយក​រដ្ឋ​ម​ន្ដ្រី​ម៉ា​ឡេ​ស៊ី​ដោយ​បញ្ជាក់​ថា​ ​«ចិន​ជា​ដៃ​គូ​របស់​យើង​ ​ហើយ​អា​មេ​​រិ​ក​ក៏​ជា​ដៃ​គូ​របស់​យើង​ដែរ​ ​។ យើង​មិន​​ចាំបាច់​ឈរ​នៅ​ខាង​ភា​គី​ណា​មួយ​ឡើ​យ​»។​

នាយក​រដ្ឋ​ម​ន្ដ្រី​ម៉ា​ឡេ​ស៊ី​បន្ថែម​ថា​ ​យើង​ចាំបាច់​ត្រូវ​តែ​ផ្លាស់​ប្ដូរ​នៃ​របប​​ស​ង្គ្រា​ម​ត្រជាក់​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​តំបន់​នេះ​ ​។ ប៉ុន្តែក្នុងពេលដែល​ចិនកំពុងតែពង្រីកអំណាចនៅក្នុងតំបន់បានធ្វើឲ្យប្រទេសជាច្រើនងាករ៉េទៅរកអាមេរិក ពិសេសគឺប្រទេសដែលមានជម្លោះដែនសមុត្រជាមួយចិន​ដូចជា​ប្រទេសហ្វីលីពីន វៀតណាមជាដើម។

សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់តាមរយៈ​ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ទៅកាន់ប្រទេសវៀតណាម​កាលពីពេលកន្លងមកថ្មីៗ មិនត្រឹមតែអាមេរិកលុបចោលទណ្ឌកម្មវៀតណាមបណ្ណោះទេ ថែមទាំង​អា​មេ​រិ​ក​នឹង​ផ្តល់​ឲ្យ​វៀតណាម​នូវ​នាវា​យាមល្បាត​ ១៨​គ្រឿង​ ប្រភេទ ​Metalshark​ និង​ជួយ​ហ្វឹកហាត់​ដល់​កម្លាំង​ម៉ា​រី​ន​ការពារ​ដែនសមុទ្រ​វៀតណាម​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​សេត​វិមាន​វៀតណាម​-អា​មេ​រិ​ក​នឹង​ពង្រីក​ទំនាក់ទំនង​សន្តិសុខ​ ជួយ​មនុស្សធម៌​ និង​កាត់​បន្ថយ​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​ ។​

​អា​មេ​រិ​ក​ក៏​បាន​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​វៀតណាម​ក្នុង​ន័យ​ជួយ​ដល់​រដ្ឋាភិបាល​វៀតណាម​បង្កើន​កម្លាំង​ការពារ​ដែនសមុទ្រ​ដោយ​អា​មេ​រិ​កបាន​ផ្តល់​ជំនួយ​ដល់​វៀតណាម​ ៤៥.៧​លាន​ដុល្លារ​តាម​រយៈ​ជំនួយ​យោធា​ក្រៅប្រទេស​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ ។​

​ក្រៅពី​នេះ​អា​មេ​រិ​កបាន​ជួយ​ដល់​វៀតណាម​ក្នុង​ការ​ចូលរួម​ដល់​សកម្មភាព​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ និង​ផ្គត់​ផ្គង់​ឧ​បករ​បរិក្ខា​ពេ​ទ្យ​ផង​ដែរ​ ។​

​កន្លង​មក​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​វៀតណាម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ Ashton​ Carter​ បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​វៀតណាម​ ១៨​លាន​ដុល្លារ​ក្នុង​ការ​ទិញ​នាវា​យាមល្បាត​ល្បឿន​លឿន​ ។​

​នៅ​ក្នុង​សន្និសីទ​ការ​សែត​នៅ​ទីក្រុង​ហាណូយ​ ប្រធានាធិបតី ​អូ​បា​ម៉ា​ បាន​បញ្ជាក់​ថា​ អា​មេ​រិ​ក​លុប​ចោល​ទាំងស្រុង​នៅ​ទណ្ឌកម្ម​អាវុធ​ដល់​វៀតណាម​ ។​ ទាំងនោះ​ជា​ការ​បើកផ្លូវ​ឲ្យ​វៀតណាម​ទិញ​អាវុធ​ជា​ច្រើន​ទៀត​ពី​ជុំវិញ​ពិភពលោក​ ។​

​លោក ​អូ​បា​ម៉ា​ បាន​បញ្ជាក់​ថា​ «​សហរដ្ឋអាមេរិក​បាន​លុប​ចោលការ​ហាមឃាត់​»​ នេះ​ជា​ឃ្លា​មួយ​យ៉ាង​ខ្លី​ដែល​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នាថ្ងៃ​ទី​១​ នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ទឹកដី​វៀតណាម​ថ្ងៃនេះ​ ។​ ការ​ប្រកាស​របស់​លោក​ អូ​បា​ម៉ា​ ក្នុង​ការ​លុប​ចោលការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ការ​រំកិល​រកគ្នា​កាន់តែ​ខ្លាំង​រវាង​ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ​ ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print