ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែមីនា ឆ្នាំ២០២៣។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕
ដោយ ៖សហការី