ខេត្តស្ទឹងត្រែង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្តស្ទឹងត្រែង!
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ មានទេសភាពស្រស់ស្អាត ខ្សាច់ស ជាជម្រកសត្វ ស្លាប ត្រីជិតផុតពូជ និងជីវៈចម្រុះដ៏ច្រើនប្រភេទ ស្ថិតក្នុងតំបន់រ៉ាមសារ ។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ តំបន់ទាំងនេះ ភាគច្រើនសម្បូរភ្ញៀវចាប់អារម្មណ៍ សំបូរដោយព្រៃទេសភាព បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តតាមដងទន្លេមេគង្គ និងស្វែងយល់ពីរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន និងសហគមន៍ព្រៃឈើ ដែលមានប្រហែល១៦កន្លែង ក្នុងការរីករាយកំសាន្ត តាមបណ្តោយទន្លេមេគង្គ។
ជាមួយគ្នានេះ យើងអាចធ្វើដំណើរពីស្ពានសេកុង ខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ទើបទៅដល់សហគមន៍ផ្ទាល់ និងយើងអាចបន្តដំណើរតាមទូកទៅលេងតាមកោះនីមួយៗ៕ ដោយ៖សហការី