ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនាម្សិលមិញនេះ។
លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា៖ ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់នោះ រួមមាន ១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ០៥ករណី និងជនសង្ស័យ ១៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៨ករណី។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា៖ «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋាន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕ដោយ៖សហការី