លោក ជិន ម៉ាលីន : ចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា!

ចែករំលែក៖

ភ្នំពេញ : រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបន្តទៀតថា : ចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា!

វគ្គ៣៖ អំពីកំហុសខាងយុទ្ធសាស្រ្តការពារក្តីរបស់មេធាវី លោក កឹម សុខា ទាក់ទងនឹងវីដេអូឃ្លីប ដែលជាភស្តុតាងដ៏សំខាន់ក្នុងសំណុំរឿងនេះ៖ 

ដើមចមនៃបញ្ហា និងមូលដ្ឋានសំខាន់នៅក្នុងការចោទប្រកាន់នៅក្នុងសំណុំរឿងនេះ គឺជាវីដេអូឃ្លីបមួយដែលបែកធ្លាយជាសាធារណៈ តាមបណ្តាញសង្គម កាលពីឆ្នាំ ២០១៧ ដែល នៅក្នុងវីដេអូឃ្លីបនេះ លោក កឹម សុខា បានរៀបរាប់ដោយផ្ទាល់ខ្លួនឯង អំពីរបៀបដែលគាត់ត្រូវបានបរទេសយកទៅបណ្តុះបណ្តាល ហើយរៀបចំផែនការសម្ងាត់ និង របៀបនៃដំណើរការអនុវត្តផែនការសម្ងាត់នេះ ជាជំហានៗ ដោយមានការជួយជ្រោមជ្រែងពីបរទេស សំដៅឈានឆ្ពោះទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តាមវិធីបដិវត្តពណ៌ ដោយយកគំរូតាមបដិវត្តពណ៌នៅយូហ្គូស្លាវី និងនៅស៊ែរប៊ី។ វីដេអូឃ្លីបនេះ ត្រូវបាន ផ្សព្វផ្សាយទម្លាយចេញជាសាធារណៈ ដោយប្រព័ន្ធព័ត៌មាន CBN (Cambodian Broadcasting Network) ហើយប្រជាពលរដ្ឋទូទៅបានដឹងអំពីខ្លឹមសារនៃផែនការនេះ និងរបៀបដែលលោក កឹម សុខា អនុវត្តតាមផែនការសម្ងាត់មួយក្រោមការរៀបចំ និងជួយចាត់ចែងគាំទ្រពីបរទេស។

វីដេអូឃ្លីបនេះ ដំបូងឡើយ ត្រូវបានភាគីលោក កឹម សុខា លើកឡើងថា ជាវីដេអូដែលមានការកាត់ត ឬ ជាវីដេអូមិនពិត ហើយមេធាវីលោក កឹម សុខា បានយកវីដេអូដើម ដាក់ជូនតុលាការ ដើម្បីធ្វើការផ្ទៀងផ្ទាត់។ បន្ទាប់ពីបានធ្វើការផ្ទៀងផ្ទាត់ដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងសវនាការជាសាធារណៈ ដែលមានការចូលរួមសង្កេតពីសាធារណជន អ្នកសារព័ត៌មាន និងតំណាងអង្គទូតផង, តុលាការបានរកឃើញថា វីដេអូឃ្លីបដែលប្រើប្រាស់ជាភស្តុតាងគោលក្នុងការចោទប្រកាន់ក្នុងសំណុំរឿងនេះ និង វីដេអូឃ្លីបដើមដែល មេធាវីលោក កឹម សុខា បានយកមកបង្ហាញ និងផ្ទៀងផ្ទាត់នៅក្នុងសវនាការ គឺជាវីដេអូដែលមានខ្លឹមសារដូចគ្នា។

ដូចនេះ ការណ៍ដែលមេធាវីភាគីលោក កឹម សុខា បានយកវីដេអូដើម ទៅផ្ទៀងផ្ទាត់នឹងវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿង ហើយក្រោយផ្ទៀងផ្ទាត់ក្នុងសវនាការជាសាធារណៈ ឃើញថា វីដេអូទាំងពីរមានខ្លឹមសារដូចគ្នាទាក់ទងនឹងអង្គហេុតដែលជាបទចោទប្រកាន់ គឺភាគីលោក កឹម សុខា បានជួយសម្លាប់ភាពស្រពិចស្រពិលកន្លងមកលើរឿងវីដេអូឃ្លីបនេះ ហើយលែងអាចមានមធ្យោបាយបកក្រោយ វិញបាន ដើម្បីបដិសេធភស្តុតាងនេះ។ មិនតែប៉ុណ្ណោះ លោក កឹម សុខា ក៏បានបញ្ជាក់ក្នុងសវនាការថា សំដីក្នុងវីដេអូឃ្លីបដែលជាមូលដ្ឋាននៃភស្តុតាងក្នុងរឿងនេះ គឺពិតជាសំដីរបស់គាត់ពិតប្រាកដមែន។ 

ចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា!

វគ្គ៤៖ ហេតុអ្វីដំណើរការនីតិវិធីសំណុំរឿង លោក កឹម សុខា ត្រូវការរយៈពេលយូរ? 

បទចោទប្រកាន់នៅក្នុងសំណុំរឿងលោក កឹម សុខា គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរទាក់ទងនឹងសន្តិសុខជាតិ។ ដូចនេះ ដំណើរការនីតិវិធីនៅក្នុងសំណុំរឿងនេះ ត្រូវបានប្រព្រឹត្តដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីគ្រប់ភាគីដែលមានការពាក់ព័ន្ធ ស្របតាមច្បាប់ និង នីតិវិធីជាធរមានរបស់កម្ពុជា។ គិតរហូតមកដល់ពេលនេះ សំណុំរឿងនេះ បានចំណាយពេលវេលាអស់រយៈពេលជាង ៥ ឆ្នាំ មកហើយ ហើយសវនការសួរដេញដោលគ្នា ក៏បានប្រព្រឹត្តអស់រយៈ ៦៦ដងហើយដែរ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ។ ប៉ុន្តែ គោលដៅសំខាន់របស់ច្បាប់ ក៏ដូចជានីតិវិធីតុលាការ គឺត្រូវស្វែងរកឱ្យឃើញការពិតក្នុងសំណុំរឿង មុននឹងឈានទៅធ្វើការវិនិច្ឆ័យសេចក្តី។ ដូចនេះ ដើម្បីជាប្រយោជន៍នៃការរកឱ្យឃើញការពិតក្នុងសំណុំរឿងនេះ ដែលជាសំណុំរឿងឧក្រិដ្ឋធ្ងន់ធ្ងរពាក់ព័ន្ធដល់សន្តិសុខជាតិ និងយោងតាមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា, កុំថាឡើយដំណើរការនីតិវិធីសំណុំរឿងនេះ មានរយៈពេលជាង ៥ឆ្នាំ បើទោះបីជាមានរយៈពេលយូរជាងនេះក៏ដោយ ក៏តុលាការមានសិទ្ធិតាមផ្លូវច្បាប់ និង នីតិវិធីដើម្បីធ្វើដែរ ឱ្យតែវាមានភាពចាំបាច់ក្នុងការរកឱ្យឃើញការពិត ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធីរបស់កម្ពុជា។ ចំណុចនេះ វាជារឿងធម្មតា ទាក់ទងនឹងការអនុវត្តច្បាប់ និងនីតិវិធីនៅតុលាការ ទាំងនៅកម្ពុជា ទាំងនៅប្រទេសជឿនលឿន។ 

ចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា!

វគ្គ៥៖ ភាពត្រឹមត្រូវ និងតម្លាភាពនៃដំណើរការសវនាការក្នុងសំណុំរឿង លោក កឹម សុខា៖ 

សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវ បានអ្នកច្បាប់ និង អ្នកសង្កេតការណ៍នានា ចាត់ទុកថា ជាសវនាការដែលបានប្រព្រឹត្តទៅប្រកបដោយត្រឹមត្រូវតាមនីតិវិធីច្បាប់កម្ពុជា និងប្រកបដោយតម្លាភាព ដោយសារសវនាការនេះ បានប្រព្រឹត្តទៅជាសាធារណៈ ហើយអ្នកសារព័ត៌មាន, តំណាងអង្គការសង្គមស៊ីវិលមួយចំនួន, និងតំណាងទូតបរទេសមួយចំនួនផងដែរ ក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតការណ៍ជាប់ជាប្រចាំនៅក្នុងសវនាការ។ សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់របស់លោក កឹម សុខា ដែលជាជនជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិនេះ ត្រូវបានធានាការពារបានយ៉ាងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ហើយលោក កឹម សុខា បានពឹងពាក់មេធាវីដល់ទៅចំនួន ៤ រូប ដើម្បីជួយការពារក្តីឱ្យរូបលោកនៅក្នុងសំណុំរឿងនេះ។ បន្ថែមពីនេះ ភស្តុតាងនានា ត្រូវបានលើកមកពិភាក្សាដេញដោលក្នុងសវនាការម្តងមួយៗ

ទៅតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព, ភាពហ្មត់ចត់ និង ភាពម៉ឺងម៉ាត់ ក្រោមការសង្កេតការណ៍ដោយយកចិត្តទុកដាក់ពីសំណាក់តំណាងអង្គការសង្គមស៊ីវិលនានា, តំណាងអង្គទូត, អ្នកកាសែត និងសាធារណជនដែលបានចូលរួមក្នុងសវនាការ សំដៅរកឱ្យឃើញការពិតប្រកប ដោយភាពត្រឹមត្រូវ និងតម្លាភាពនៅក្នុងសំណុំរឿងនេះថា តើ លោក កឹម សុខា ពិតជាបានប្រព្រឹត្តអំពើក្បត់ជាតិ ដោយស៊ុមគ្រលុំ ឬ ឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ និងចាត់តាំងអនុវត្តផែនការនេះជាជំហានៗ សំដៅឈានទៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជាមែនដែរ ឬទេ? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print