ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃសុក្រទី០៣ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលជំនាញទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣៣៨គ្រឿង នាថ្ងៃទី០៣ ខែមីនានេះ។ ក្នុងនោះមានម៉ូតូ ២៧៨គ្រឿង និងរថយន្ត ៦០គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបន្តថា សម្រាប់ថ្ងៃទី០៣ ខែមីនានេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៩,៣៥០គ្រឿង ក្នុងនោះមានម៉ូតូ ១៦,១៣៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,២១៦គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ល្មើសសញ្ញា និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក អត់ស្លាកលេខ អត់បណ្ណបើកបរ ទូរស័ព្ទ អាជីវកម្ម និងល្មើសសញ្ញាជាដើម។
ដោយឡែក សម្រាប់ថ្ងៃទី០៣ ខែមីនានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ១៣នាក់)។ រយៈពេល ៦២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥១០លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៦០នាក់ របួស ៦៥៧នាក់ (របួសធ្ងន់ ៤៣៣នាក់)។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ៖សហការី