ស្អែកនេះ​! សម្តេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញប្រគល់សញ្ញាបត្រនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

​សូមជម្រាបថា​ សិស្ស និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន៖សិស្សវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៥៣នាក់ផងដែរ។

វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

បច្ចុប្បន្នវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ចំនួន ៣០៨នាក់ នារី ៩១នាក់, សិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា ចំនួន ១,៦៥០នាក់ នារី ៧២៨នាក់។

ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ សិស្សវិជ្ជាជីវៈ និង និស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បានបញ្ចប់ការសិក្សាសរុបចំនួន ២០,៣៩៩នាក់ នារី ៨,៨៩១នាក់។​ ក្នុងនោះ គិតទាំងសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និង សញ្ញាបត្រនាឱកាសនេះផងដែរ។

យោងតាមលទ្ធផលស្ទង់មតិបានបង្ហាញថា សិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩៧.០៥ % ក្នុងនោះ ថ្នាក់វិជ្ជាជីវៈស្មើ ១០០%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩៦.៦៤ %, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩១.៩៣ % និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្មើ ១០០%៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print