ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវបោកក្បាលបាក់.ក.ស្លាប់ទាំងពាក់មួកការពារនៅជាប់នឹងក្បាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារណាសា តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ ហាន ហង់ អាយុ២៩ឆ្នាំ មានទីលំនៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំណែកអ្នកឃើញហេតុការណ៍វិញបានប្រាប់ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BL.3349 បើកពីលិចទៅកើត ដោយនៅដៃមានកាន់គ្រឿងក្លែម និងស្រាបៀរ ក្នុងល្បឿនលឿន ហើយក៏រេចង្កូតទៅបុកនឹងបង្គោលភ្លើង បំភ្លឺផ្លូវនៅលើចិញ្ចើមផ្លូវសាធារណៈ បណ្តាលឱ្យជនរងគ្រោះបោកក្បាលបាក់.ក បាត់បង់ជីវិតតែម្តង ចំណែកម៉ូតូខូចខាតស្ទើរតែទាំងស្រុង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានចុះមកវាស់វែង ធ្វើកំណើតហេតុនិងរៀបចំសព លើកដាក់រថយន្តបញ្ជូនទៅកាន់វត្តចមសន្ធាវាស ហៅវត្តស្វាយចាស់ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណទុកប្រគល់ជួនគ្រួសារសព៕ ដោយ៖ វណ្ណា