តម្លៃ​ស្វាយកែវ​រមៀត ហាក់​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ នាចុងខែ​កុម្ភៈ ដល់ដើមខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖​ បេី​តាមការបញ្ជាក់ពី​លោក អ៊ុ សុភា ប្រធា​ន​សហគមន៍កសិកម្ម​សាមគ្គី​តំបែរ​ ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ បានប្រាប់កាលពីថ្ងៃទី០៥​ ខែមីនាម្សិលមិញនេះ​ថា​៖​ តម្លៃ​ស្វាយកែវ​រមៀត ហាក់​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ នាចុងខែ​កុម្ភៈ ដល់ដើមខែមីនានេះ​ ពោល​មាន​តម្លៃ​ពី៩០០ទៅ១០០០ ក្នុងមួយ​គីឡូក្រាម​។ លោក​ អ៊ុ​ សុភា​ បន្តថា​ តម្លៃស្វាយ​កែវ​រមៀតឡើងថ្លៃវិញនេះ ដោយសារជាចុងរដូវនៃស្វាយខុសរដូវ និងមកពី​កសិករ​មួយចំនួន​ មិន​មាន​ជំនឿ​លើ​ដំណាំស្វាយ និង​បាន​ទុក​ដើម​ស្វាយ​ចោល។​

លោកប្រធា​ន​សហគមន៍​ បានគូសបញ្ជាក់ថា​ នៅ​ចុងខែកុម្ភៈ ដល់ដើមខែមីនានេះ តម្លៃស្វាយ​កែវ​រមៀតងើប​ឡើងវិញ ​នៅ​តាម​បណ្ដាខេត្ត​ចំនួន​ ដោយបច្ចុប្បន្ន​តម្លៃ​ស្វាយ​ដែល​ដឹក​ដល់​រោងចក្រ​ គឺ​មាន​តម្លៃ​ដល់​១០០០រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​ប្រធានសហគមន៍រូបនេះ​ បានបញ្ជាក់បន្ថែមថា​៖​ «ខុសពីរាល់ឆ្នាំ។ រាល់ឆ្នាំនៅ​​ចុង​ខែ​កុម្ភៈ​ និង​ខែ​មីនា តម្លៃ​ស្វាយ​ដូចជា​មិន​បាន​ខ្ពស់​អ៊ីចឹងទេ។ តម្លៃត្រឹម​៤០០ ដល់៦០០ប៉ុណ្ណោះ ប៉ុន្តែឥឡូវវាប្លែក ដែល​ឡើងដល់១០០០រៀល ឬខ្ពស់ជាងនេះ។ ប្លែក​នេះ មកពីកសិករ​បាក់ជំនឿលើដំណាំស្វាយ​កែវរមៀត​»។ លោកបន្តថា កសិករ​ខ្លះបាន​កាប់ដើមចោល ខ្លះ​មិន​ធ្វើ ដោយ​ទុក​ចម្ការ​ចោល។​

សូមជម្រាបជូនថា​ ទន្និផល​ស្វាយកែវរមៀត ក្នុងអំឡុងខែនេះ គឺ​ស្ថិតនៅ​ចុង​រដូវ ដែលជាប្រភេទ​ស្វាយខុសរដូវ។ ដោយឡែក ចាប់ពីចុងខែមីនា ដល់ខែមេសា គឺជារដូវផ្លែស្វាយ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមូលផលច្រើន។ សម្រាប់​ឆ្នាំនេះ លោកប្រធាន​សមាគម​ន៍ បានលើកឡើងថា ទន្និផលស្វាយ នឹងមាន​ច្រើន​ដូចរាល់ឆ្នាំនោះទេ ក៏ព្រោះតែសត្វល្អិត​បំផ្លាញ និងកសិករ​មិនបាន​ធ្វើ​គ្រប់​គ្នា។

លោក អ៊ុ សុភា ចាត់ទុកថា​​ការ​ងើប​ឡើង​វិញ​នៃ​តម្លៃស្វាយកែវ​រមៀតនាពេលនេះ ជា​ប្រវត្តិសាស្ត្រមួយសម្រាប់លោក។ លោក រៀបរាប់​ទាំង​ក្ដី​រំភើប​បែបនេះ៖ «ក្នុង​នាមជាប្រធានសហគមន៍​ គឺសប្បាយចិត្ត។ ខ្ញុំសុំឱ្យតម្លៃបាន​បែបនេះរហូត។ បើតម្លៃបាន​ប៉ុណ្ណឹង កសិករមិនទុកដើម ឬកាប់ដើមចោលទេ»។

បន្ថែមពីនេះ​ ក្នុងអំឡុងពេលស្វាយកំពុងបានថ្លៃ​ ប្រធា​ន​សហគមន៍កសិកម្ម​សាមគ្គី​តំបែរ​ ក៏​បាន​សំណូមពរដល់​កសិករដែលមានស្វាយកែវមៀតជិតបេះ ជា​ប្រភេទ​ស្វាយសាច់ត្រី កុំទាន់លក់ ព្រោះ​អាច​ធ្វើ​ឱ្យស្វាយធ្លាក់តម្លៃវិញយ៉ាងលឿន។ លោក បន្តថា ការឆាប់លក់​ស្វាយ​សាច់ត្រីទៅឱ្យ​ឈ្មួញកណ្ដាល ដោយ​ឈ្មួញកណ្ដាលយកទៅឱ្យ​អ្នកលក់បន្ដ ៣ ទៅ ៥ថ្ងៃ បានអស់អាចធ្វើឱ្យស្វាយស្វិតខូចជាច្រើន។

...

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ សហគមន៍​កសិកម្មសាមគ្គីតំបែរ​ ដែល​ស្ថិត​នៅ​ខេត្ត​ត្បូង​ឃ្មុំ មាន​សមាជិក​ចូលរួម​ ៧០​គ្រួសារ​ និងមាន​ផ្ទៃដីដាំស្វាយកែវរមៀតចំនួន ២៣៨ហិកតា៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print