ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ស្ថិតនៅខេត្តត្បូងឃ្មុំ បានប្រាប់កាលពីថ្ងៃទី០៥ ខែមីនាម្សិលមិញនេះថា៖ តម្លៃស្វាយកែវរមៀត ហាក់ល្អប្រសើរជាងឆ្នាំកន្លងទៅ នាចុងខែកុម្ភៈ ដល់ដើមខែមីនានេះ ពោលមានតម្លៃពី៩០០ទៅ១០០០ ក្នុងមួយគីឡូក្រាម។ លោក អ៊ុ សុភា បន្តថា តម្លៃស្វាយកែវរមៀតឡើងថ្លៃវិញនេះ ដោយសារជាចុងរដូវនៃស្វាយខុសរដូវ និងមកពីកសិករមួយចំនួន មិនមានជំនឿលើដំណាំស្វាយ និងបានទុកដើមស្វាយចោល។
លោកប្រធានសហគមន៍ បានគូសបញ្ជាក់ថា នៅចុងខែកុម្ភៈ ដល់ដើមខែមីនានេះ តម្លៃស្វាយកែវរមៀតងើបឡើងវិញ នៅតាមបណ្ដាខេត្តចំនួន ដោយបច្ចុប្បន្នតម្លៃស្វាយដែលដឹកដល់រោងចក្រ គឺមានតម្លៃដល់១០០០រៀលក្នុងមួយគីឡូក្រាម។
លោកប្រធានសហគមន៍រូបនេះ បានបញ្ជាក់បន្ថែមថា៖ «ខុសពីរាល់ឆ្នាំ។ រាល់ឆ្នាំនៅចុងខែកុម្ភៈ និងខែមីនា តម្លៃស្វាយដូចជាមិនបានខ្ពស់អ៊ីចឹងទេ។ តម្លៃត្រឹម៤០០ ដល់៦០០ប៉ុណ្ណោះ ប៉ុន្តែឥឡូវវាប្លែក ដែលឡើងដល់១០០០រៀល ឬខ្ពស់ជាងនេះ។ ប្លែកនេះ មកពីកសិករបាក់ជំនឿលើដំណាំស្វាយកែវរមៀត»។ លោកបន្តថា កសិករខ្លះបានកាប់ដើមចោល ខ្លះមិនធ្វើ ដោយទុកចម្ការចោល។
សូមជម្រាបជូនថា ទន្និផលស្វាយកែវរមៀត ក្នុងអំឡុងខែនេះ គឺស្ថិតនៅចុងរដូវ ដែលជាប្រភេទស្វាយខុសរដូវ។ ដោយឡែក ចាប់ពីចុងខែមីនា ដល់ខែមេសា គឺជារដូវផ្លែស្វាយ ដែលមានប្រជាពលរដ្ឋប្រមូលផលច្រើន។ សម្រាប់ឆ្នាំនេះ លោកប្រធានសមាគមន៍ បានលើកឡើងថា ទន្និផលស្វាយ នឹងមានច្រើនដូចរាល់ឆ្នាំនោះទេ ក៏ព្រោះតែសត្វល្អិតបំផ្លាញ និងកសិករមិនបានធ្វើគ្រប់គ្នា។
លោក អ៊ុ សុភា ចាត់ទុកថាការងើបឡើងវិញនៃតម្លៃស្វាយកែវរមៀតនាពេលនេះ ជាប្រវត្តិសាស្ត្រមួយសម្រាប់លោក។ លោក រៀបរាប់ទាំងក្ដីរំភើបបែបនេះ៖ «ក្នុងនាមជាប្រធានសហគមន៍ គឺសប្បាយចិត្ត។ ខ្ញុំសុំឱ្យតម្លៃបានបែបនេះរហូត។ បើតម្លៃបានប៉ុណ្ណឹង កសិករមិនទុកដើម ឬកាប់ដើមចោលទេ»។
បន្ថែមពីនេះ ក្នុងអំឡុងពេលស្វាយកំពុងបានថ្លៃ ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ក៏បានសំណូមពរដល់កសិករដែលមានស្វាយកែវមៀតជិតបេះ ជាប្រភេទស្វាយសាច់ត្រី កុំទាន់លក់ ព្រោះអាចធ្វើឱ្យស្វាយធ្លាក់តម្លៃវិញយ៉ាងលឿន។ លោក បន្តថា ការឆាប់លក់ស្វាយសាច់ត្រីទៅឱ្យឈ្មួញកណ្ដាល ដោយឈ្មួញកណ្ដាលយកទៅឱ្យអ្នកលក់បន្ដ ៣ ទៅ ៥ថ្ងៃ បានអស់អាចធ្វើឱ្យស្វាយស្វិតខូចជាច្រើន។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍កសិកម្មសាមគ្គីតំបែរ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ មានសមាជិកចូលរួម ៧០គ្រួសារ និងមានផ្ទៃដីដាំស្វាយកែវរមៀតចំនួន ២៣៨ហិកតា៕ ដោយ៖សហការី