អាជ្ញាធរជាតិអប្សរា៖ ខ្លោងទ្វារតាកាវបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ឡើងវិញ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តសៀមរាប÷ស្ថាបត្យកម្ម អ្នកបុរាណវិទូនិងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។

អ្នកស្រីហាន ម៉ាច អាយុ៦៦ឆ្នាំជាអ្នកភូមិស្រះស្រង់ខាង ជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវមានប្រសាសន៍ថា កាលពីដំបូង ខ្លោងទ្វារតាកាវបានរងការខូចខាតជាច្រើនកន្លែងដូចជា ថ្មក្រៀកចេញពីគ្នាព្រមទាំងមានជ្រុះធ្លាក់មកដីផងហើយ នៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។

អ្នកស្រី ហាន ម៉ាច មានប្រសាសន៍ដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ ឃើញថា សម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ «ការងារនេះមានតម្លៃខ្លាំងណាស់ ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើង ឱ្យបានគង់យូរអង្វែងបន្តទៀត»។ 

លោក ហឿង ឈ្លឿន អាយុ៣៩ រស់នៅភូមិអូរទទឹង ជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ ទៀត ឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះ ខ្លោងទ្វារតាកាវ បានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។ លោក ឈ្លឿន មានប្រសាសន៍បន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗ ដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដើម្បីរក្សាកេរមរតកដូនតាមួយនេះឱ្យបានគង់វង្សបន្តទៀត។

ជារៀងរាល់ថ្ងៃ មិនថាអ្នកស្រីហាន ម៉ាច និងលោក ហឿង ឈ្លឿន គឺក្រុមជាងធ្វើការនៅខ្លោងទ្វារតាកាវ ទាំងអស់តែងក្រោកពីព្រឹករៀបចំដាំបាយវេចខ្ចប់ ចាកចេញពីផ្ទះ ដើម្បីយកទៅហូបនៅការដ្ឋាន ហើយល្ងាចទើបត្រឡប់ទៅផ្ទះវិញ ដោយមិនដែលនឿយហត់និងការងារនោះឡើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print