ផលិតផលសហគមន៍តំបន់ការពារធម្មជាតិបានតាំងបង្ហាញក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ÷ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នៅខេត្តកំពង់ធំក្រោមប្រធានបទ«ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងទៅអនាគត» ក្រសួងបរិស្ថានបានចូលរួមរៀបចំ និងសម្របសម្រួលនូវការដាក់តាំងបង្ហាញ សមិទ្ធផលការងារ និងផលិតផលសហគមន៍តំបន់ការពារធម្មជាតិ ជូនសាធារណជនបានទស្សនា នៅតាមស្តង់ពិព័រណ៍ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ នៅតាមបណ្តាយមាត់ស្ទឹងសែន ទីរួមខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP នៃក្រសួងបរិស្ថាន ក៏បានដឹកនាំបណ្ដាសហគមន៍ធម្មជាតិ ដែលទទួលបានការគាំទ្រពីគម្រោងនេះចំនួន ៥ មកចូលរួមដាក់តាំងបង្ហាផលិតផល អនុផលព្រៃឈឈើ ដែលមានសក្តានុពលរបស់ខ្លួនផងដែរ។

• សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បាននាំយកសមិទ្ធផល សំខាន់ៗ ដូចជា៖  បង្គារក្រៀម កាពិ ទឹកត្រីកោះកុង ក្តាមថ្ម ក្រំចំពុះទា ស្រស់ មឹកក្រៀម បបែលក្រៀម និងក្ដាមប្រៃ។

• សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានដាក់តាំងផលិតផលសហគមន៍ដូចជា៖ ខ្ជាយខ្មៅ ចេកល័ក្ខ ចេកពងមាន់ ដំឡូងដូង ទ្រនាប់បាទកែវធ្វើពីចេក និងជ្រូកគូលែន

• សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង បានដាក់តាំងផលិតផលសហគមន៍មានដូចជា៖ កន្ត្រក ជើងធូប និងទឹកឃ្មុំធម្មជាតិ។

• សហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានដាក់តាំងផលិតផលសហគមន៍ដូចជា៖ ផ្សិត១០០គុណ ថ្នាំឬសដូងបាទ បន្លែក្រវ៉ាញ សាទ៍ ពាំងបាយជូរព្រៃ ផ្លែខ្ចោះសោម ផ្លែកន្ទួតព្រៃ និងកួចស្វិត។

• សហគមន៍តំបន់ការពារធម្មជាតិទំព័រ បានដាក់តាំងផលិតផលសហគមន៍ដូចជា៖ ស្ពៃក្រញ៉ាញ់ ស្ពៃក្ដោប ផ្លែក្រវាញ ផ្លែល្ហុង និងផ្លែចេក។

គួរបញ្ជាក់ដែរថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP មានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្ប គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print