ភ្នំពេញ៖ ដើម្បីទុកទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ និងទុកសម្រាប់ស្រោចស្រពស្រូវដើមរដូវវស្សា ខណៈធាតុអាកាសក្នុងរដូវប្រាំងឆ្នាំ២០២៣នេះ នឹងមានការប្រែប្រួលខ្លាំងដែលអាចនាំទៅដល់ឱ្យមានការរាំងស្ងួតនោះ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំដល់គ្រប់មន្ទីរធនធានទឹកនិងឧតុនិយមរាជធានី-ខេត្ត ឱ្យរឹតបន្តឹងការប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ពីការស្រោចស្រពដំណាំស្រូវប្រាំងលើកទី១ ដែលធ្វើបានរហូតដល់ជិត៧សែនហិកតា ស្មើប្រមាណជា១៣៦ភាគរយ នៃផែនការ៤៩៣.០៧០ហិកតា។
បេីតាមការបញ្ជាក់ពីនាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ជា សុខនី បានថ្លែងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា៖ ដោយសារធាតុអាកាស នៅក្នុងរដូប្រាំងឆ្នាំ២០២៣នេះ មានការប្រែប្រួលខ្លាំងលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានធ្វើការណែនាំដល់គ្រប់មន្ទីរធនធានទឹករាជធានី ខេត្តឱ្យយកចិត្តទុក ចិត្តទុកដាក់គ្រប់គ្រងទឹកដែលនៅសេសសល់ពីការស្រោចស្រពដំណាំស្រូវប្រាំងលើកទី១ដែលអនុវត្តបានរហូតដល់ជិត៧សែនហិកតា ស្មើប្រមាណជា១៣៦ភាគរយនៃផែនការ៤៩៣.០៧០ហិកតា ឱ្យបានត្រឹមត្រូវដើម្បីទុកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយមិនត្រូវបើកបញ្ចេញឱ្យមានការធ្វើស្រូវប្រាំងលើកទី២ទៀតឡើយ។
លោក ជា សុខនី បានថ្លែងបន្តថា ទឹកដែលរក្សាទុកក្រៅពីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគឺទុកសម្រាប់ការងារសាបព្រោះស្រូវដើមរដូវ ដែលដល់ពេលនោះអាចនឹងមានភ្លៀងធ្លាក់មកខ្លះនៅដើមរដូវវស្សា។ នៅជិតពាក់កណ្តាលរដូវវវស្សាឆ្នាំ២០២៣ តាមការព្យាករអាចនឹងមានកូនរដូវប្រាំងកើតមានឡើងថែមទៀត ដោយហេតុដូច្នេះហើយបានជាលោករដ្ឋមន្ត្រីឱ្យគ្រប់មន្ទីរធ្វើការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវបំផុតចៀសវាងបញ្ហាខ្វះទឹកប្រើប្រាស់កើតឡើងនៅចុងរដូវប្រាំងនិងទឹកសម្រាប់បង្កបង្កើនផលស្រូវនៅដើមរដូវវស្សា។
បន្ថែមពីនេះ លោកនាយករងខុទ្ទកាល័យរូបនេះ បានគូសបញ្ជាក់ទៀតថា៖ ការប្រែប្រួលអាកាសធាតុខ្លាំងនៅពេលនេះមន្ត្រីជំនាញរបស់ក្រសួងកំពុងបន្តតាមយ៉ាងយកចិត្តទុកដាក់ដោយចំពោះមុខលោករដ្ឋមន្ត្រីចេញត្រឹម បទបញ្ជាដល់គ្រប់មន្ទីរឱ្យរឹតត្បិតការប្រើប្រាស់ទឹកនិងនៅពេលខាងមុខក្រសួងអាចនឹងជូនដំណឹងជាសាធារណៈឱ្យពលរដ្ឋបានជ្រាបនិងចូលរួមសន្សំសំចៃទឹកដែលមាននៅតាមមូលដ្ឋាន ដើម្បីចៀសវាងបញ្ហាខ្វះទឹកប្រើប្រាស់។
ដោយឡែកអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងឱ្យដឹងដែរថា ស្ថានភាពធាតុអាកាសនៅពេលនេះស្ថិត ក្រោមឥទ្ធិពលបាតុភូតអែលនីណូ( El Nino ) ៥០ភាគរយនិងបាតុភូតអ៊ីនសូ (អន្តរកាលរវាងអែលនីណូនិងឡានីណា) ៥០ភាគរយ ដែលជាបាតុភូតនាំមកនូវទឹកភ្លៀងតិចនិងក្តៅ ខ្លាំងហើយប្រសិនបើភាគរយនៃបាតុភូតអែលនីណូឡើងកាន់តែខ្ពស់នោះបញ្ហារាំងស្ងួតអាចនឹងកើតមាននៅក្នុងរដូវវស្សាថែមទៀត។ ខណៈបច្ចុប្បន្ននេះ មន្ត្រីជំនាញរបស់ក្រសួង កំពុងបន្តធ្វើការតាមដានពីការវិវត្តរបស់ធាតុអាកាសនេះផងដែរ៕ ដោយ៖ស តារា