ខេត្តស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនឹងនាយទាហាន ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំង និងការកែសម្រួលមុខតំណែងថ្មី ដែលស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក។ ជាមួយនឹងការទទួលបាននូវការទទួលខុសត្រូវក្នុងមុខតំណែងថ្មី, សូមផ្តាំផ្ញើនូវភារកិច្ច ០៣ សម្រាប់ថ្នាក់ដឹកនាំក្នុងជួរបញ្ជាការ ដូចតទៅ៖ ទី១. រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, ទី២. បន្តកសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣. រៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន ព្រមទាំងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អសម្រាប់ជំនាន់ក្រោយៗទៀត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមភាគទី១ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានល្អប្រសើរជូនប្រជាជនក្នុងរយៈកន្លងមកនេះ ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការពង្រឹងប្រៀបការពារជាតិ គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយដែលទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ ដែលកំពុងដំណើរការទៅមុខ ឱ្យសមស្របនឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ក្នុងទិសដៅនេះ កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្តជំរុញផងដែរនូវដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្តនៃសភាពការណ៍ដែលបន្តប្រែប្រួលឥតឈប់ឈរ៕ដោយ៖ស តារា