ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ ព្រឹត្តិការណ៍ចំពោះមុខ ៣សំខាន់ៗ ដែលកងកម្លាំងនគរបាលជាតិ ត្រូវធានាសន្តិសុខឱ្យបានជាដាច់ខាត, អង្គរសង្ក្រាន្ដ ម្ចាស់ផ្ទះស៉ីហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានអះអាងថា ព្រឹត្តិការណ៍សំខាន់ៗចំពោះមុខចំនួន៣ ដែលកងកម្លាំងនគរបាលជាតិ ត្រូវធានាឲ្យបានជាដាច់ខាតនូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ ព្រឹត្តិការណ៍សំខាន់ៗ ចំនួន៣នោះរួមមាន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ, ម្ចាស់ផ្ទះស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។

ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអក្សរសម្ងាត់ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលមានសិក្ខាកាមសរុបចំនួន២៣៧នាក់, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺជាអង្គភាពស្នួលក្នុងការងារការពារ សន្ដិសុខ សណ្ដាប់ធ្នាប់នេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងអំពីសមិទ្ធផលកន្លងទៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺចូលរួមថែរក្សាការពារសន្ដិភាព ធានាបានស្ថេរភាពនយោបាយ ពិសេសសន្ដិសុខផ្ទៃក្នុង ការពារបានប្រក្រតីភាពរបស់ស្ថាប័នកំពូលៗ រួមទាំងស្ថាប័នព្រះមហាក្សត្រ។ ក្នុងនោះការពារកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចការពារព្រឹត្តិការណ៍នយោបាយជាតិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក៏ត្រូវធានាបានយ៉ាងល្អផងដែរ។

បន្ថែមពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំំងពីរមុខជំនាញ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គ្រេបយកចំណេះវិជ្ជាដើម្បីត្រឡប់ទៅអង្គភាពវិញ ធ្វើយ៉ាងណាឲ្យតម្លាភាព និងត្រូវម៉ឺនម៉ាត់ម៉ត់ចត់ ដែរខ្លួនយើងជាមន្ត្រីអនុវត្តច្បាប់ និងជាកងកម្លាំងឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ លោកក៏បានលើកឡើងពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងនាមកងកម្លាំងត្រូវសិក្សាស្រាវជ្រាវឲ្យទាន់សភាពការណ៍ និងសម័យកាល ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ក៏រីកចម្រើនណាស់ដែរ ស្នើសុំឲ្យមើលដោយការគិតពិចារណា ថ្លឹងថ្លែងឲ្យបានហ្មត់ចត់។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់របស់សាលា រួមមាន៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង, លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បន្តខិតខំបំពេញតួនាទី ក្នុងនាមជាមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំប៉ន និងបន្ថែមជំនាញដល់មន្ត្រីនគរបាលទើបចូលថ្មី និងនគរបាលដែរត្រូវបំពេញជំនាញបន្ថែម ស្របពេលសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន គោលបំណងបម្រើប្រយោជន៍ជាតិ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងការលើកសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលសិស្សនាយនគរបាល របស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ដោយឡែក សម្រាប់សិក្ខាកាមវិញ ក្នុងនាមជាកងកម្លាំងនគរបាល ត្រូវមានការព្យាយាម តស៊ូ អត់ធ្មត់ និងការទទួលខុសត្រូវទើបទទួលបានជោគជ័យ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា ការសិក្សានេះមានពីរផ្សេងគ្នា ក្នុងនោះ វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងវគ្គបណ្ដុះបណ្ដាលជំនាញអក្សរសម្ងាត់។

លោកឧត្តមសេនីយ៍ឯក អ៊ុ អុន បន្ដទៀតថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល មានសិក្ខាកាមចំនួន១៨៤នាក់ មកពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ រួមទាំងអង្គភាពចំណុះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន២៥។

ដោយឡែក វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអក្សរសម្ងាត់  មានសិក្ខាកាមចំនួន៥០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៤៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print