ភ្នំពេញ៖ លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣ បានថ្លែងបញ្ជាក់ថា៖ កុមារ និងយុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។
ការថ្លែងបែបនេះលោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សៀវភៅគឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន គឺជាបេសកកម្មមួយដ៏មានសារ:សំខាន់ជាពិសេសសម្រាប់អភិវឌ្ឍវិស័យអប់រំ។
សូមជម្រាបថា ក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ឆ្នាំ២០២៣នេះ នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ“អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាចព្រមទាំងមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនាឆ្នាំ២០២៣៕ ដោយ៖សហការី