ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់និងរថយន្តចំនួន ៧គ្រឿងត្រូវបានឆេះក្នុងករណីអគ្គិភ័យឆាបឆេះរថយន្ត ក្នុងឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដល់ទីតាំងកើតហេតុ ជួយបាញ់ទឹកពន្លត់ ភ្លាមៗជៀសវាងរាលដាលដល់ផ្ទះអ្នកជិតខាង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៣ និង ៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ចំណុចយីហោ យានយន្ត លីឆាយ ៦៩៦ ជាប់នឹងទីតាំងឈៀករថយន្តសាខាសែនសុខតាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរនិងក្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានបុរសជាជាងកំពុងតែជួសជុលរថយន្ត ទាំងនោះ ស្រាប់តែមានអណ្តាតភ្លេីងចេញពី រថយន្តបង្កជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះអ្នកជិតខាងបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយសារតែអណ្ដាតភ្លើង ឆេះកាន់តែខ្លាំង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រោយទទួលបានព័ត៌មានថាមានករណីអគ្គិភ័យឆាបឆេះរថយន្តនៅក្នុងឃ្លាំងលក់រថយន្ត លោកបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ គោលដៅនៅជិតទីតាំងនោះជាច្រើនគ្រឿងដើម្បីចេញជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។ តែទោះជាយ៉ាងណាអគ្គិភ័យបានឆាបឆេះរថយន្តចំនួន ៧គ្រឿង ទើបកម្លាំងសមត្ថកិច្ចគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។
ក្នុងហេតុការណ៍នេះទំហំនៃការខូចខាត ឆេះរថយន្តចំនួន៧ គ្រឿង ប្រភេទរថយន្ត នីសាន់ណាវ៉ារ៉ា និងបុរសម្នាក់រងរបួសរលាកភ្លើងមួយចំហៀងខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ១០គ្រឿងនឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ទើបគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ រ៉ារ៉ា