ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ បានថ្លែងប្រាប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវស្កប់ស្កល់នឹងលទ្ធផលដែលអង្គការ FATF បានដក ប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ គឺត្រូវបន្ដខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងថែមទៀត។
សម្ដេចបានបញ្ជាក់បែបនេះនៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារ ២០២២ និងលើកទិសដៅការងារ ឆ្នាំ ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅ
សណ្ឋាគារសុខាភ្នំពេញ។
សម្ដេច ស ខេង បានបញ្ជាក់ថា៖«ទោះបីអង្គការ FATFសម្រេចឲ្យយើង ចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងមិនត្រូវស្កប់ស្កល់ នឹងលទ្ធផលដែលយើងបានធ្វើនោះទេ យើងត្រូវបន្ដខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីជាការពង្រឹ ងនូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ដែលមានការពាក់ព័ន្ធ ទាំងការវិនិយោគក្នុងស្រុក និងការវិនិយោគក្រៅស្រុក ក៏ដូចជា ភ្ញៀវទេសចរណ៍នានា»។
សម្ដេចក្រឡាហោមបានបន្ដថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុប និងដកពិសោធន៍ ហើយបន្ទាប់ពីនោះទៀត ត្រូវធ្វើការប្រជុំ ដើម្បីប្រមូលមតិយោបល់ ឬក៏ធាតុចូលនានា ហើយដាក់ចេញវិធានការអនុវត្តបន្ដបន្ទាប់ទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬក៏ខ្មៅ មិនអាចវិលត្រឡប់មកវិញ។
ជាមួយគ្នានោះដែរ សម្ដេច ស ខេង បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វើឲ្យប៉ះពាល់ នាំឲ្យកម្ពុជា ធ្លាក់ទៅបញ្ជីប្រផេះវិញ ព្រោះកម្ពុជា បានធ្លាប់ធ្លាក់ម្ដ ងរួចទៅហើយ ពី ស ទៅប្រផេះ ហើយឥលូវនេះ ពីប្រផេះ មកស វិញហើយ។
សម្ដេចបានបន្ដថា «នេះជាបទពិសោធន៍ ដែលយើងឆ្លងកាត់ផងដែរ»។
សម្តេចក្រឡាហោម សខេងបានស្នើ ឲ្យសមត្ថកិច្ចត្រូវបន្តបង្កើនការប្រយុ ទ្ធប្រឆាំងល្បែងគ្រប់ប្រភេទ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ ត្រូវបង្ការនិងបង្ក្រាបល្បែ ងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមាន ហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក៕ សំរិត