តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

ចែករំលែក៖

ភ្នំពេញ : តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ? ។ នេះជាការលើកឡើង ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital និងបញ្ជាក់ថា:

១- តើអ្វីទៅជាទារកកើតមិនគ្រប់ខែ?
តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន៣៧សប្តាហ៍នៃអាយុគភ៌។

២- ហេតុអ្វីបានជាទារកកើតមិនគ្រប់ខែត្រូវការការថែទាំ ជាពិសេសខុសពីទារកគ្រប់ខែ?
ទារកកើតមិនគ្រប់ខែ ពួកគាត់សុទ្ធតែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅ នៅក្រៅផ្ទៃពោះម្តាយទេ។ ប្រសិនបើពួកគាត់កើតកាន់តែឆាប់ សរីរាង្គរបស់គាត់ក៏លូតលាស់កាន់តែមិនទាន់បានគ្រប់ជ្រុងជ្រោយ។ ជាពិសេសសរីរាង្គសំខាន់ៗ ដូចជាសួត បេះដូង ប្រព័ន្ធរំលាយអាហារ ខួរក្បាល ប្រព័ន្ធភាពស៊ាំ ភ្នែក គឺសុទ្ធតែនៅខ្ចី ដែលទាមទារអោយមានការគាំពារផ្នែកវេជ្ជសាស្រ្តដោយក្រុមគ្រូពេទ្យជំនាញ ធានាធ្វើយ៉ាងណាអោយការលូតលាស់របស់ពួកគាត់មានសភាពប្រហាក់ប្រហែលនឹងការរស់នៅក្នុងផ្ទៃពោះម្តាយ។

៣- មូលហេតុអ្វីដែលធ្វើអោយទារកកើតមិនគ្រប់ខែ?
អាចមានកត្តាប្រឈមមួយចំនួនដែលធ្វើអោយទារកកើតមិនគ្រប់ខែ៖
– ស្រ្តីជាម្តាយធ្លាប់មានប្រវត្តិសំរាលកូនមិនគ្រប់ខែពីមុនមក
– ស្រ្តីជាម្តាយមានជំងឺលើសឈាម ទឹកនោមផ្អែម ។ល។
– ពពោះទារកភ្លោះ
– ចន្លោះផ្ទៃពោះពីកូនមួយទៅកូនមួយ មានរយៈពេលខ្លីតិចជាង៦ខែ
– មានបញ្ហាស្បូន កស្បូន រឺសុក
– ការពពោះសិប្បនិម្មិត
– ការជក់បារី ដោយផ្ទាល់ ឬដោយប្រយោល
– ការពិសារគ្រឿងស្រវឹង
– ការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ

៤- តើមានវិធីណាខ្លះដើម្បីការពារកុំអោយទារកកើតមិនគ្រប់ខែ?
– ត្រូវទៅពិនិត្យ និងតាមដានផ្ទៃពោះអោយបានទាន់ពេល និងអោយបានទៀងទាត់
– ទទួលការព្យាបាលអោយបានត្រឹមត្រូវប្រសិនបើមានបញ្ហាសុខភាពកំឡុងពេលមានផ្ទៃពោះដូចជាលើសសំពាធឈាម ទឹកនោមផ្អែម បញ្ហាផ្លូវចិត្តជាដើម
– បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់
– ជៀសវាងការជក់បារី ឬនៅជិតអ្នកជក់បារី
– កុំពិសារគ្រឿងស្រវឹង
– ហាមប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ។

“ប្រសិនបើអ្នកម្តាយត្រូវសម្រាលកូនមិនគ្រប់ខែ អ្នកម្តាយគួរតែជ្រើសរើសកន្លែងសម្រាលនៅមន្ទីរពេទ្យណាដែលមានកន្លែងសង្រ្គោះទារកមិនគ្រប់ខែ ព្រោះទារកមិនគ្រប់ខែ ទាមទារការព្យាបាលដោយជំនាញផ្សេងមួយ លើសពីការព្យាបាលទារកគ្រប់ខែ។ លើសពីនេះទៅទៀត ការព្យាបាលទារកមិនគ្រប់ខែ ទាមទារពេលវេលាយូរអង្វែង ដែលទាក់ទងនឹងការសង្គ្រោះ ក្រោយសង្គ្រោះ និងការតាមដានក្រោយចេញពីមន្ទីរពេទ្យ ដោយមានគ្រូពេទ្យថែទាំ និងគ្រូពេទ្យព្យាបាល ដែលមានជំនាញច្បាស់លាស់ខាងទារកមិនគ្រប់ខែ ។”

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print