ភ្នំពេញ : យោងតាមកំណត់ទូតនៃស្ថានទូតបារាំង ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វី នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ បារាំង បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធ បោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការ ពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ ការងារ នៅសាធារណរដ្ឋបារាំង។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្ដ្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី។
សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទ្វារ វីអាយភី)៕