ភ្នំពេញ : នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ម្សិលមុិញ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីស្តីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីមេគង្គក្រៅផ្លូវការ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឧត្តមមន្រ្តីនៃប្រទេសមេគង្គ រួមមាន៖ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅក្នុងកិច្ចប្រជុំនេះ ឧត្តមមន្រ្តីមេគង្គទាំងអស់ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការងារសំខាន់ៗនៃយន្តការនានាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គដូចជា៖ មេគង្គ-សាធារណរដ្ឋកូរ៉េ មេគង្គ-ជប៉ុន ភាពជាដៃគូមេគង្គ-អាមេរិក មេគង្គ-ឥណ្ឌា និងយន្តការអេកម៉ិក។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, បន្ថែមពីនេះទៀត បញ្ហាកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម និងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ក្នុងឱកាសនោះដែរ អង្គប្រជុំ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ ដែលចូលរួមចំណែកក្នុងការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ ៕