សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរឱ្យបន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរឱ្យបន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត»។

សម្ដេចក្រឡាហោម បន្ដថា អាជ្ញាធរត្រូវបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសមិនប្រពៃណីនានា ដែលកំពុងមានការវិវត្តន៍ប្រែប្រួលកាន់តែស្មុគស្មាញ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ដោយសាររាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល ការទូត សេដ្ឋកិច្ច វប្បធម៌របស់ជាតិ ហេតុនេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមគោលដៅ នៃស្ថាប័នកំពូលនានារបស់ជាតិ ស្ថាប័នរដ្ឋ ស្ថានទូត ស្ថានតំណាងនៃប្រទេសនានា អង្គការអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ធនាគារ មជ្ឈមណ្ឌល វប្បធម៌ ទេសចរណ៍ដែលមានទីតាំងក្នុងរាជធានីភ្នំពេញឱ្យមានសុវត្ថិភាពល្អប្រសើរ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print