ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិងកំពុងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងយោងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
អំឡុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ថោង ខុន នឹងត្រូវអនុញាតឱ្យចូលជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី សួនសុវណ្ណ វិញ៉ាកេតន៍ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។ ព្រមជាមួយនោះ ក៏នឹងមានកិច្ចប្រជុំរវាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសពីរផងដែរ។
តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជារំពឹងថានឹងមានកំណើននៃរំហូរទេសចរទៅវិញទៅមក ក៏ដូចជារំហូរទេសចរចិន និងទេសចរប្រទេសទីបីផ្សេងទៀតទៅវិញទៅមករវាងប្រទេសទាំងពីរឡាវ-កម្ពុជាផងដែរ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
ដោយ : សហការី