ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នំា២០២៣ បុរសម្នាក់ដែលគេអះអាងថាជាមនុស្សប្រើប្រាស់ថ្នាំញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីដុតបំផ្លាញផ្ទះរបស់ខ្លួនឆេះអស់គ្មានសល់ នៅភូមិឫស្សីរោទ៍ ឃុំតាគ្រាម ស្រុកបាណន់ ដោយសារតែបបួលប្រពន្ធរើផ្ទះទៅនៅខាងស្រុកម៉ែក្មេក តែប្រពន្ធបដិសេធ ។
មុនពេលដុតបំផ្លាញផ្ទះ លោកប្ដីកំរោលចូលរូបនេះបានបង្ករឿងប្រើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ដូចជាវាយបំផ្លាញអំពូលភ្លើងដាក់ចង្រិតអស់១៨ដើម រួចទើបដុតផ្ទះចោល ។ លំនៅឋានដែលខូចខាតទំហំ ៤ម៉x៤ម៉ ជញ្ជាំងឫស្សី រីឯដំបូលប្រក់ស័ង្កសី ដែលមានសភាពទ្រុឌទ្រោមទៅហើយ។ ដោយឡែក ទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះក៏ក្លាយជាផេះទាំងស្រុងដែរ មិនមានអ្វីដែលនៅសេសសល់ឡើយ។
ជនសង្ស័យឈ្មោះ មុំ ប្រុស អាយុ៣៣ឆ្នាំ ជននេះបានដុតបំផ្លាញផ្ទះខ្លួនឯងបណ្ដាលឱ្យខូចខាតអស់ទាំងស្រុងនៅពាក់កណ្ដាលយប់ថ្ងៃទី១១ ខែមីនា លុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ចំណែកស្ត្រីជាប្រពន្ធគឺអ្នកស្រី ឆម លឿម អាយុ៣១ឆ្នាំ បាននិយាយប្រាប់ថាប្តីគាត់ចេះតែទទូចបបួលគាត់រើផ្ទះទៅនៅខាងស្រុកម្ដាយខ្លួននៅឯស្រុកសំពៅលូនជាប់ព្រំដែនថៃ តែគាត់មិនព្រមទៅ។ ដោយសារតែខឹងគាត់មិនព្រមទៅបែបនេះហើយ ទើបលោកប្ដីក្ដៅក្រហាយរហូតដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់ ។
ចម្លើយសារភាពរបស់ជនដៃដល់ដែលជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយនៅយប់កើតហេតុ ជននេះបានផឹកស្រាស្រវឹងជោកជាំផងដែរ។ លោកស្នងការខេត្តបញ្ជាឱ្យមន្ត្រីជំនាញឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយនៅថ្ងៃទី១៣ ខែ មីនា នេះ៕ ដោយ៖ សុរិយា