ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ – សូមជូនដំណឹងដល់បេក្ខជនជាសិស្ស-និស្សិតទាំងពីរភេទ ដែលមានបំណងចង់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាល រាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖
បេក្ខជនទាំងពីរភេទ ដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
ក. លក្ខខណ្ឌនៃការជ្រើសរើស
១- មានសញ្ញាតិខ្មែរ
២- កាយសម្បទាគ្រប់គ្រាន់ មានសុខភាពល្អ។ ក្នុងករណីបេក្ខជនជាជនពិការ – សាមីខ្លួនត្រូវមានស្ថានភាព ពិការភាពសមស្រប ដែលអាចបំពេញការងារបាន
៣- មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិជាពលរដ្ឋ
៤- ជនពិការ និងបេក្ខជនជាស្ត្រី ត្រូវបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់នៅក្នុងការប្រឡងប្រជែង
៥- ត្រូវមានសញ្ញាបត្រសមស្របតាមប្រភេទក្របខ័ណ្ឌ៖
-សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលចំពោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូក២(ពីរ)ឆ្នាំ ឬសញ្ញាបត្រសមមូលចំពោះក្របខ័ណ្ឌមន្រ្តីក្រមការ
-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលចំពោះក្របខ័ណ្ឌលេខាធិការរដ្ឋបាលតាំង
៦- អាយុយ៉ាងតិច១៨ឆ្នាំ និងសមស្របតាមកម្រិតសញ្ញាបត្រគិតត្រឹមថ្ងៃប្រឡង៖
-អាយុយ៉ាងច្រើន២៥ឆ្នាំចំពោះសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-អាយុយ៉ាងច្រើន៣៥ឆ្នាំចំពោះសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល
-អាយុយ៉ាងច្រើន៤០ឆ្នាំចំពោះសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល សញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។
បេក្ខជនដែលមានបំណងដាក់ពាក្យប្រឡង ត្រូវមកទំនាក់ទំនងទិញពាក្យ និងដាក់ពាក្យសុំចុះឈ្មោះប្រឡង នៅរដ្ឋបាលរាជធានីភ្នំពេញ (ការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ជាន់ទី៨) នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។
ព័ត៌មានលម្អិតផ្សេងៗទៀត អាចទាក់ទងផ្ទាល់នៅទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣២៥ ៣០៤/ ០៩២ ៥៩៩ ៩៣៣/ ០១២ ៤៤២ ៦៤២ ៕
ដោយ : សិលា