ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៥មិថុនាឆ្នាំ២០១៦ លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងចុះបង្ក្រាបការលួចនាំចូលនិងរក្សាទុកនូវភេសជ្ជៈខារ៉ាប៉ាវ ដោយខុសច្បាប់និងរំលោភសិទ្ធិចែកចាយរបស់ក្រុមហ៊ុន ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់-ក្រុងសួង ខេត្តត្បួងឃ្មុំ ។
លោក ឡុង ស្រេង បានឲ្យដឹងថា ករណីចុះបំពេញបេសកម្មបង្ក្រាបនៅខេត្ដត្បូងឃ្មុំ នេះ អនុវត្តតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ប៉ុក ដារ៉ា និងសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន តាំង សេងហួត ស្ដីពីការលួចនាំចូល ស្តុក ចែកចាយផលិតផលខារ៉ាបាវ ដែលរំលោភសិទ្ធចែកចាយរបស់ក្រុមហ៊ុន តាំង សេងហួត ឈានដល់ការរកឃើញនូវខារ៉ាប៉ាវចំនួន១២៩កេស។
លោកអនុប្រធាននាយកដ្ឋានបន្តថា ម្ចាស់ដែលបានលួចនាំចូលរំលោភលើសិទ្ធិចែកចាយមានឈ្មោះ វ៉ួច ឡេង នាំពីប្រទេសវៀតណាម ដើម្បីយកមកចែកចាយនៅក្នុុងស្រុក។ ករណីនេះ លោកកំពុងធ្វើការត្រួតពិនិត្យតាមនីតិវិធីដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូង៕
ដោយ៖ សុខ ខេមរា