សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោកខាងលិចថា កំពុងតែជំរុញឱ្យមានការប្រឈមមុខដាក់គ្នារាប់ឆ្នាំ នៅតំបន់អាស៉ីប៉ាស៉ីហ្វិក បន្ទាប់ពីសម្ព័ន្ធភាពត្រីភាគី AUKUS បានប្រកាសពីការឯកភាពគ្នាជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លោក ឡាវរ៉ូវ បានលើកឡើងយ៉ាងដូច្នេះថា «លោកខាងលិច តាមរយៈការបង្កើតសម្ព័ន្ធភាពដូចជា AUKUS ជាដើម ហើយនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ (NATO) ជ្រៀតចូលមកក្នុងអាស៉ី កំពុងតែត្រៀមឱ្យមានការប្រឈមមុខដាក់គ្នាជាច្រើនឆ្នាំនៅក្នុងតំបន់នេះ»។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ចាំបាច់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃហ្មត់ចត់របស់អន្តរជាតិ ដោយសារវានៅមានសំណួរជាច្រើន ពាក់ព័ន្ធនឹងបញ្ហាជុំវិញសន្ធិសញ្ញាស្តីពីការមិនរីកសាយនៃនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសបន្ថែមពីព័ត៌មានលម្អិតស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ខែមុន។ ទីក្រុងកង់បេរ៉ានឹងអាចទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិកបានរហូតដល់៥គ្រឿង ហើយបន្ទាប់មកនឹងអភិវឌ្ឍនាវាមុជទឹកម៉ូដែលថ្មីមួយ ដោយប្រើបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស នៅក្រោមផែនការសំដៅពង្រឹងសាច់ដុំរបស់លោកខាងលិច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិន៕ ដោយធីរីណា
រូបថត : Reuters