ខេត្តព្រៃវែង៖ ករណីអគ្គិភ័យមួយបានឆេះ ផ្ទះក្បឿងមួយខ្នងទំហំ៨ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងសង្ក័សី ត្នៅសល់តែផេះផង់ ដោយសារតែម្ចាស់ផ្ទះអុជធូបសែនថ្ងៃសីលហើយដើរចោលអត់នៅមើល ។ ករណីនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ មីនា នៅចំណុចភូមិព្រៃខ្លាទី១ ក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនេះមានឈ្មោះ វេង ស្រេង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅជាមួយចៅតូចម្នាក់ក្នុងបន្ទុក។
តាមការរៀបរាប់របស់ស្ត្រីជាម្ចាស់ផ្ទះ មុនពេលកើតហេតុនោះ គាត់បានរៀបចំផ្លែឈើនំចំណីដាក់សែននៅលើផ្ទះព្រោះថ្ងៃនេះជាថ្ងៃសីលដែលគាត់តែងធ្វើជាប្រចាំ។ ក្រោយពីរៀបចំនំចំណីរួច គាត់ក៏អុជធូបសែនដូចធម្មតា រួចហើយក៏នាំចៅចុះពីផ្ទះដើរទៅអង្គុយលេងផ្ទះញាតិជិត ខាងនៅខាងមុខ ។
លុះមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់នៅលើមេឃច្រើន ហើយឃើញក្មេងៗផ្អើលឈូឆរមិនដឹងមានរឿងអី ដល់ពេលសម្លឹងមើលទៅផ្ទះខ្លួនឯងក៏ស្រាប់តែឃើញភ្លើងឆេះពេញបន្ទុកទៅហើយ ទើបនាំគ្នាស្រែកឆោឡោឡើង អ្នកខ្លះនាំគ្នាយកទឹកទៅជួយពន្លត់ ហើយខ្លះទៀតទាក់ទងទៅសមត្ថកិច្ចហៅឡានទឹកមកជួយ ប៉ុន្តែទំរាំឡានទឹកមកដល់ភ្លើងឆេះផ្ទះអស់ទៅហើយ។
លោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានអោយដឹងថា ពេលទទួលបានដំណឹងភ្លាម លោកបានបញ្ជាអោយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកចេញទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ តែពេលទៅដល់ភ្លើងឆេះពេញបន្ទុកទៅហើយ ទើបឡានទឹកមិនអាចជួយស្រោចស្រង់ផ្ទះនោះបាន គឺបានត្រឹមបាញ់ទឹកបញ្ឈប់ភ្លើងមិនអោយឆេះរាលដាលទៅផ្ទះអ្នកស្រុកដែលនៅជិតនោះប៉ុណ្ណោះ ។
លោកអធិការបញ្ជាក់ថា កម្លាំងនគរបាលស្រុកបានប្រើប្រាស់ទឹកអស់១ឡាន និងប្រើរយៈពេលកន្លះម៉ោង ទើបអាចពន្លត់ភ្លើងបានជាស្ថាពរ ហើយតាមការបញ្ជាក់របស់ម្ចាស់ផ្ទះ អគ្គិភ័យនេះបានខូចខាតអស់អង្ករ៣បេ ស្រូវ២បេ និងសម្ភារមួយចំនួនទៀតដែលសរុបជាតម្លៃអស់ប្រហែល៥០០០ដុល្លារ តែទោះយ៉ាងណាអគ្គិភ័យនេះ មិនបានបណ្តាលអោយមាននរណាម្នាក់រងគ្រោះឡើយ៕ដោយសុរិយា