ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេល២ខែ ឆ្នាំ២០២៣នេះ។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ចំណូលសរុបរយៈពេល២ខែ ឆ្នាំ២០២៣ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣០៧,២៩៦ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញរយៈពេល២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន១០,១៨១តោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១,៣៦១ម៉ែត្រគូប។
ដោយឡែកសម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ១,៣៤៩ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២៣៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។
សូមជម្រាបជូនថា គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣នេះ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
គួរបញ្ជាក់ថា កម្ពុជា កាលពីឆ្នាំ២០២២កន្លងទៅ រកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ៕ដោយ៖សហការី