កម្ពុជា​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ រកចំណូលបានជិត ៨០លានដុល្លារ ក្នុងរយៈពេល២ខែ ឆ្នាំ២០២៣នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣​ បានបញ្ជាក់ថា​ កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ក្នុងរយៈពេល២ខែ ឆ្នាំ២០២៣នេះ។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា ចំណូលសរុបរយៈពេល២ខែ ឆ្នាំ២០២៣ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣០៧,២៩៦ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញរយៈពេល២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន១០,១៨១តោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១,៣៦១ម៉ែត្រគូប។

ដោយឡែក​សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ១,៣៤៩ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២៣៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។​ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។ 

សូមជម្រាបជូនថា​ គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣នេះ​ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គួរបញ្ជាក់ថា កម្ពុជា​ កាលពីឆ្នាំ២០២២កន្លងទៅ​ រកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​​។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន​៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print