ភ្នំពេញ : នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ; នាថ្ងៃទី១៤ខែមីនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ“ស្នាមញញឹមកម្ពុជា” ដែលកម្មវិធីខាងលើបានរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបន្ទប់ចាក់បញ្ចាំងលេខ១នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងព្រមទាំងមានការផ្សាយផ្ទាល់ផងដែរ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជានិងអ្នកតំណាងទ្វេភាគីប្រមាណ១០០នាក់អញ្ជើញចូលរួមក្នុងពិធីខាងលើ។
នៅក្នុងសុន្ទរកថារបស់ លោកឯកអគ្គរដ្ឋទូតចិន បានផ្តោតសំខាន់លើស្មារតីនៃកិច្ចប្រជុំរួមទាំងពីរ(Two Sessions) ដោយសង្កត់ធ្ងន់ថា លោកអគ្គលេខាធិការគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តចិន Xi Jinping ត្រូវបានតែងតាំងជាប្រធានាធិបតីចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមម្ដងទៀត បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈនិងក្តីប្រាថ្នារួមរបស់សមាជិកទាំងមូលនៃបក្ស បណ្ដាយោធា បណ្ដាជាតិសាសន៍នៅក្នុងប្រទេសចិន។ ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីចិន ប្រជាជនចិននឹងបន្តខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើបកម្មយ៉ាងគ្រប់ជ្រុងជ្រោយនិងសម្រេចឱ្យបានការស្ដារឡើងវិញនូវប្រជាជាតិចិនដ៏មហិមា។
លោកឯកអគ្គរដ្ឋទូតចិនបានចង្អុលបង្ហាញថា ប្រឈមមុខជាមួយការផ្លាស់ប្តូរដែលពុំធ្លាប់មានពីមុនមក អត្ថន័យជាយុទ្ធសាស្ត្រនៃចំណងមិត្តភាពរវាងចិននិងកម្ពុជាកាន់តែលេចធ្លោ។ ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់កុងសុងស៊ីសសំខាន់សម្រាប់ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ“ត្បូងពេជ្រទាំង៦” និងបង្កើត“ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម”និង“ច្រករបៀងត្រីនិងស្រូវ”ជាដើម ដើម្បីជាការបង្ហាញទិសដៅនិងគូសវាសគម្រោងផែនការសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។ ជឿជាក់យ៉ាងមុតមាំថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នានៃភាគីទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី នឹងផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ហើយនឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។
លោកឯកអគ្គរដ្ឋទូតចិនបន្តទៀតថា ភាពយន្តឯកសារ“ស្នាមញញឹមកម្ពុជា”បានផ្តោតសំខាន់លើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយបានបង្ហាញពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងរឿងរ៉ាវពិតប្រាកដដ៏រស់រវើកដែលនៅពីក្រោយនៃប្រទេសទាំងពីរក្នុងវិស័យទាំងបីគឺ“ការកសាងហេដ្ឋារចនាសម្ព័ន្ធ”“សេដ្ឋកិច្ច”និង“វប្បធម៌” មិនត្រឹមតែបង្ហាញពីសមិទ្ធផលផ្លែផ្កាដែលបានមកពីការកសាងរួមគ្នានូវ“ខ្សែក្រវាត់និងផ្លូវ”ដែលប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ហើយក៏បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាដែលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចការកសាងប្រទេសជាតិ ក៏ដើម្បីជាអំណោយក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” និងសម្រាប់ខួបអនុស្សាវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”។
លោក ខៀវ កាញារីទ្ធ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះភាគីចិនដែលបានបញ្ចប់កិច្ចប្រជុំរួមទាំងពីរប្រកបដោយជោគជ័យ និងបានលើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជានិងចិនបានឆ្លងកាត់ការសាកល្បងនៃពេលវេលាបានធ្វើឱ្យទំនាក់ទំនងមួយនេះកាន់តែរឹងមាំ គឺជា“មិត្តដែកថែប”ដែលគាំទ្រគ្នាទៅវិញទៅមក។ ចិនតែងតែគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន និងគាំទ្រកម្ពុជាក្នុងការការពារឯករាជ្យជាតិនិងអធិបតេយ្យភាព សម្ដេចតេជោនៅក្នុងពិធីជាច្រើនតែងបង្ហាញពីការគាំទ្រគោលជំហរ ការអភិវឌ្ឍន៍ និងសម្លេងរបស់ចិន។ កម្ពុជា-ចិន តែងតែរក្សាការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យផ្សព្វផ្សាយព័ត៌មាន ភាគីទាំងពីរត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀត ជួយទំនាក់ទំនងរវាងកម្ពុជា-ចិនបន្តឈានដល់កម្រិតថ្មី និងរួមចំណែកដល់ការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិនដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី៕
ដោយ : សិលា