ដីកោះដ៏ស្រស់ស្អាតចំនួន៧កន្លែងក្នុងស្រុកបុរីអូរស្វាយសែនជ័យទាក់ទាញភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ ប្រជាសហគមន៍អេកូទេសចរណ៍ផ្សោត​ព្រះរំកិល​​ រៀបចំឱ្យមានខ្សែចង្វាក់ទស្សនាចរដីកោះដ៏ស្រស់ស្អាតបែបធម្មជាតិចំនួន៧កន្លែងនៅតាមដងទន្លេមេគង្គលើ ដើម្បីចូលរួមគាំទ្រគោលការណ៍របស់ក្រសួងទេសចរណ៍។

លោក ផយ វណ្ណា សមាជិកសហគមន៍ ផ្សោត​ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង​​បានឱ្យដឹង​ថា នៅពេលនេះសមាជិកសហគមន៍ព្រះរំកិលបានត្រៀមលក្ខណៈរួចជាស្រេចនូវមធ្យោបាយដឹកជញ្ជូនដើម្បីបម្រើសេវាកម្មទេសចរណ៍​​ជូនភ្ញៀវធ្វើ​ដំណើរកម្សាន្តទៅ តាមចំណុចដីកោះចំនួន៧កន្លែងនៅក្នុងតំបន់ទេសចណ៍ឃុំព្រះរំកិល។

លោកវណ្ណា បន្តថា ចំណុចដែលត្រូវទៅទស្សនាចំនួន៧កន្លែងនោះរួមមាន៖ទេសភាពកោះល្ង កោះពាង កោះលន់ កោះទន្សាយ កោះឈើទាលតូចធំ ជើងភ្នំបន្ទំចេក  ឆ្នេរកូនភ្នំខ្សាច់ជាដើម។ល។

លោក​ស្រីគាង រចនា ប្រជាពលរដ្ឋនៅភូមិអន្លង់ស្វាយ លក់សម្លៀកបំពាក់នៅតំបន់នេះបានបញ្ជាក់​ថា កត្តានេះ​ហើយ​ដែលអាចទាក់ទាញភ្ញៀវឱ្យមកម្តងហើយចង់មកម្តងទៀត។ ចំណែក​ប្រជាសហគមន៍​ក៏រកប្រាក់កម្រៃបានទៅតាមនោះដែរ។

​       លោកស្រីមាស នួន ភ្ញៀវទេសចរមកពីខេត្តកំពង់ចាមបាន​ទទួលស្គាល់ថា នេះជាសម្បត្តិ​ធនធានធម្មជាតិដែលប្រទេសកម្ពុជាយើងមាន ហើយប្រជាពលរដ្ឋយើងនៅ​តាមបណ្តាខេត្តមួយ​ចំនួនមិនទាន់បានមកឃើញនៅឡើយនោះទេ។

លោកស្រីអះអាងថា នឹងជួយផ្សព្វផ្សាយសក្តានុពលតំបន់នេះឱ្យភ្ញៀវទេសចរបានដឹងនិងនាំគ្នាមកទស្សនា ព្រោះនៅពេលមកដល់យើងបានឃើញសត្វស្លាបលើដីកោះដ៏ស្រស់ស្អាតបែបធម្មជាតិប្លែកៗ និងបាន​ឃើញទឹកដីព្រំប្រទល់រវាងប្រទេសកម្ពុជា នឹងប្រទេសឡាវផងដែរ។

​     សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ២០០២ដែលធ្លាប់មានការគាំ​ទ្រ​​​ពីអង្គការម្លប់​បៃតងនិងមានសត្វផ្សោតជាចក្ខុវិស័យ តែក្រោយពីមានតំបន់​ដនសា​ហុង​បង្កើតឡើងនៅ​ជិតនេះ ​ត្រីផ្សោតបានបំលាស់ទី និងខ្លះទៀតជាប់មងបណ្ដាល ឱ្យស្លាប់ ទើបសហគមន៍នាំគ្នាផ្លាស់ប្តូរនិងរៀបចំតំបន់ទីតាំង​៧​កន្លែងសម្រាប់ជូនភ្ញៀវ​​ទស្សនា​បន្ថែមទៀត៕ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print