ខេត្តត្បូងឃ្មុំ៖ យើងទាំងអស់គ្នាត្រូវរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ។
បន្ថែមពីលើភារកិច្ចដែលមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំអនុវត្តប្រចាំថ្ងៃ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រួចការងារដែលត្រូវអនុវត្តបន្ត ហើយក្នុងនោះលោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការធានាលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង និងការអភិវឌ្ឍប្រកបដោចីរភាព យើងចាំបាច់ត្រូវរួមគ្នាប្រែក្លាយខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន ដែលនេះគឺជាការចូលរួមអនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់កម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា បរិស្ថានជាការងារអន្តរវិស័យដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តយុទ្ធសាស្ដ្រ ផែនការសកម្មភាព ក៏ដូចជាគោលនយោបាយ ដើម្បីសម្រេចបានគោលដៅរួមរបស់យើង។
សូមបញ្ជាក់ថា លោក អ៊ាង សុផល្លែត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយការងារចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុវត្តន៍តាមអនុក្រឹត្យលេខ២៤៥ អនក្រ.បក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលរងខេត្ត មន្ទីរបរិស្ថាន មន្ទីរ អង្គភាពនានាចំណុះឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ជាច្រើននាក់។
បើតាមរបាយការណ៍របស់លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថាន បានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណស្អាត និងជាពិសេសបានចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន ៦៨ទីតាំង ក្នុងនោះ ក្រុងសួង ១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ ០៦ទីតាំង ស្រុកតំបែរ១១ ទីតាំងស្រុកមេមត់ ០៧ទីតាំង និងស្រុកពញាក្រែក ចំនួន ១១ទីតាំង។ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារក្រសួងបរិស្ថាន បានចំនួន ០៦ទីតាំង ក្នុងនោះ ស្រុកតំបែរ ១ទីតាំង,ស្រុកមេមត់ ២ទីតាំង,ស្រុកពញាក្រែក ៣ទីតាំង និងបានចុះប្រមូលទិន្នន័យការប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្ត នៅក្នុងខេត្តត្បូងឃ្មុំ បានចំនួន ៥៤ទីតាំង៕ដោយ៖សហការី