ភ្នំពេញ : នាឱកាសចូលជួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា “អូស្ត្រាលី បន្តកិច្ច សន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេស ទាំងពីរ”។
ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំង ពីរ លើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកដោយការថ្លែងអំណរគុណចំពោះជំនួយ របស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះ រួមមានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិង ប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ លោកឯកអគ្គរដ្ឋទូត ប្តេជ្ញាពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុង ក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុង ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំ “យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា។ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី ៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅឆ្នាំ ២០២៣ នេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អ ប្រសើរ និងបានរំលឹកដោយសេចក្ដីអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យ មានការដោះលែងសាស្ត្រាចារ្យអូស្ត្រាលី លោក Sean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាល ពីឆ្នាំមុន៕
ដោយ : សិលា