ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងនិវត្តន៍កាន់មាតុប្រទេសវិញហេីយ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនអស់មួយរយ:រួចមក

ចែករំលែក៖

ភ្នំពេញ÷នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដង្ហែថ្វាយព្រះរាជដំណើរ បានយាង និងអញ្ជើញនិវត្តន៍ពីរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ ប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បួង  និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្រេចទទួល មហាជោគជ័យក្នុងការគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាព។

 អញ្ជើញចូលរួមថ្វាយព្រះរាជវន្ទនកិច្ច ប្រកបដោយភាពខ្ពង់ខ្ពស់ រាក់ទាក់កក់ក្តៅ នៅអាកាសយានដ្ឋាន អន្តរជាតិប៉េកាំង នាឱកាសនោះ មានវត្តមានមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមន្ត្រីស្ថានទូតកម្ពុជា និងមន្ត្រីអ្នកមុខ អ្នកការ របស់សាធារណរដ្ឋប្រជាមានិត ចិន ជាច្រើនរូបទៀត ។ 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងព្រះរាជមាតុភូមិនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅវេលារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនោះ។  

យាង និងអញ្ជើញចូលរួមទទួលថ្វាយ ព្រះរាជដំណើរ យាងមកដល់នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឳកាសនោះ មានវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,  សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯ.ឧ គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯ.ឧ ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯ.ឧ ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ   ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និង ឥស្សរជនជាតិជាច្រើនរូបទៀត។ ដោយឡែក មន្ត្រីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញចូលរួមថ្វាយផ្កា ថ្វាយព្រះពរ នៅក្នុងឳកាសនោះផងដែរ។ 

សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មី  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោកជំទាវ ខែក កែមាលី ស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន  ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់ ព្រះបរមរាជវាំង បានដង្ហែថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីរដ្ឋធានីប៉េកាំងរហូតដល់រាជធានីភ្នំពេញ។  

ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត មានសេចក្តីរំភើបរីករាយដោយឥតឧបមារ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសម្រេចមហាជោគជ័យក្នុងការ គង់ពិនិត្យព្យាបាលព្រះរាជសុខភាព ព្រោះថាព្រះរាជសុខភាពព្រះអង្គមានតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់សេចក្តីសុខសុភមង្គល និងភាពត្រជាក់ត្រជុំចំរុងចម្រើនដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គ។ 

ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ព្រះនាម កិមិរាទេវី ជាដើម សូមជួយបីបាច់រក្សា និងថ្វាយព្រះពរជ័យសិរីមង្គល វិបុលសុខដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូត របស់ព្រះអង្គជាដរាបតរៀងទៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print