នូវែលហ្សេឡង់៖ គ្រូបង្រៀន ប្រមាណ៥ម៉ឺននាក់ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែដោយសារតែការចំណាយប្រចាំឆ្នាំកើនឡើង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា គ្រូបង្រៀនប្រហែល៥០,០០០នាក់ បាននាំគ្នាធ្វើកូដកម្មនៅក្នុងប្រទេសនូវែលហ្សេឡង់ ក្រោយកិច្ចពិភាក្សារបស់សហជីពជាមួយក្រសួងអប់រំដែលមានគោលដៅទាមទារឱ្យប្រាក់ខែនិងលក្ខខណ្ឌការងាររបស់គ្រូបង្រៀនទទួលបានភាពប្រសើរឡើងនោះ ស្ថិតក្នុងសភាពជាប់គាំង។

ការធ្វើកូដកម្មដើរចេញពីថ្នាក់រៀនរយៈពេលមួយថ្ងៃខាងលើនេះបានបង្ខំឱ្យសាលាមត្តេយ្យ ក៏ដូចជាសាលារៀនកម្រិតបឋមសិក្សានិងវិទ្យាល័យត្រូវបិទទ្វារនៅទូទាំងនូវែលហ្សេឡង់។ ក្រុមសហជីពគ្រូបង្រៀនបានលើកឡើងថា សំណើចុងក្រោយបំផុតរបស់រដ្ឋាភិបាលស្តីពីប្រាក់ខែនិងលក្ខខណ្ឌការងារគឺមិនសមស្របជាមួយនឹងស្ថានភាពនៃអតិផរណាបច្ចុប្បន្នឡើយ និងថាវិស័យអប់រំនាពេលនេះកំពុងស្ថិតនៅចំណុចវិបត្តិមួយ ដោយសារបញ្ហាខ្វះគ្រូបង្រៀន។
ខាងសហជីពបានសង្កត់ធ្ងន់ថា ការអប់រំប្រកបដោយគុណភាព គឺជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្ស ប៉ុន្តែគ្រូបង្រៀនកំពុងមើលឃើញសិទ្ធិនេះកំពុងតែចុះអន់ថយ ដោយសន្សឹមៗយ៉ាងជាក់ច្បាស់។ ការធ្វើឱ្យប្រសើរឡើងនូវប្រាក់ខែនិងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន មានសារសំខាន់ជាខ្លាំងដើម្បីលើកទឹកចិត្តឱ្យអ្នកផ្តល់ការអប់រំ ដែលមានបទពិសោធន៍នៅបន្តបំពេញការងាររបស់ពួកគេ ហើយដើម្បីទាក់ទាញឱ្យនិស្សិតដែលទើបបញ្ចប់ការងារសិក្សាចូលបម្រើក្នុងវិស័យនេះឱ្យបានកាន់តែច្រើន។
សព្វថ្ងៃការកើនឡើងនៃតម្លៃសម្រាប់ជីវភាពរស់នៅបានក្លាយជាបញ្ហានយោបាយធំមួយ នៅក្នុងប្រទេសនូវែលហ្សេឡង់ ខណៈដែលរដ្ឋាភិបាលកំពុងជួបការលំបាកក្នុងការគ្រប់គ្រងអតិផរណា៕ ដោយធីរីណា

...

រូប​ថត​ : Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print